ថៃ ថា ការបោះឆ្នោតមីយ៉ាន់ម៉ាមិនគួរឱ្យជឿជាក់

បាងកក ៖ រដ្ឋមន្ត្រីការបរទេសថៃ បាននិយាយថា ការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា នៅខែក្រោយ នឹងមិនមានសេរីភាព ឬ គួរឱ្យទុកចិត្តនោះទេ។

លោករដ្ឋមន្ត្រី Sihasak Phuangketkeow បាននិយាយ កាលពីល្ងាចថ្ងៃអង្គារថា «យើងចង់ឱ្យវាមានភាពសេរី និងគួរឱ្យទុកចិត្ត ប៉ុន្តែ វានឹងមិនកើតឡើងនោះទេ យើងដឹងហើយ»។ លោកបានបន្តថា «អារម្មណ៍របស់ខ្ញុំគឺថា យើងនឹងមិនមានជំហរ ទទួលស្គាល់ការបោះឆ្នោតនោះទេ»។ ប្រមុខកាទូតថៃរូបនេះ ក៏បានអំពាវនាវឲ្យដោះលែង លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ផងដែរ។

គួរបញ្ជាក់ថា ដំណាក់កាលទីមួយ នៃការបោះឆ្នោត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ផ្តើមនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនឹងការបោះឆ្នោត លើកទីពីរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែ ជុំបន្តបន្ទាប់ និង កាលបរិច្ឆេទប្រកាសលទ្ធផល មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនោះទេ។

យោធាមីយ៉ាន់ម៉ា បានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោត និងបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានសង្រ្គាមស៊ីវិល រហូតមកដល់បច្ចុប្បន្ន។

ប្រទេស ថៃ ដែលជាអ្នកជិតខាងមីយ៉ាន់ម៉ា បានទទួលមនុស្សរាប់លាននាក់ ភៀសខ្លួនចេញពីមីយ៉ាន់ម៉ា។ បើតាមសារព័ត៌មានថៃបានចេញផ្សាយ អំពីជម្លោះរវាងគូប្រជែង នៅក្នុងប្រទេសនេះ ក៏ធ្លាប់បង្កឲ្យមានការផ្ទុះអាវុធ ក្បែរនឹងព្រំដែនថៃ ផងដែរ។ កាលពីខែសីហា ថៃក៏ធ្លាប់បិទព្រំដែនជាមួយមីយ៉ាន់ម៉ា ក្នុងពេលស្ថានភាពកាន់តែក្តៅគគុក ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner