ត្រីឆ្លាមសម្លាប់មនុស្សម្នាក់, របួសម្នាក់នៅអូស្ត្រាលី

ស៊ីដនី ៖ ត្រីឆ្លាមបានវាយប្រហារ សម្លាប់មនុស្សម្នាក់ និង របួសម្នាក់ទៀត នៅប្រទេសអូស្ត្រាលី។ ការវាយប្រហារនេះ បានកើតឡើង នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ហើយជនរងគ្រោះជាស្ត្រីបានស្លាប់ នៅនឹងកន្លែងកើតហេតុ។

លោក Timothy Bayly អធិការប៉ូលីស ប្រចាំតំបន់ New South Wales បានប្រាប់ថា ពួកគេត្រូវបានវាយប្រហារ ពេលកំពុងទៅហែលទឹកលេងជាមួយគ្នា នៅតំបន់ឆ្នេរដាច់ស្រយាល Crowdy Bay ដែលមានចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ ភាគខាងជើង នៃ ទីក្រុងស៊ីដនី។

លោកបន្តថា អ្នកនៅមានជីវិតបានរងរបួសជើង យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានដឹកតាមយន្តហោះ ឆ្ពោះទៅកាន់មន្ទីរពេទ្យ។ លោកបានសរសើរពីភាពក្លាហាន របស់អ្នករស់រានមានជីវិត។

ក្រុមជួយសង្គ្រោះ បានពណ៌នាថា ជាឧប្បត្តិហេតុដ៏គួរឱ្យភ័យខ្លាច ហើយបានលើកឡើងថា តំបន់នេះ គឺដាច់ស្រយាលណាស់ មិនមានសេវាការពារជីវិត នៅទីនោះ ទាល់តែសោះ។ ឆ្នេរ និងតំបន់ជុំវិញត្រូវបានបិទ ហើយអាជ្ញាធរកំពុងធ្វើការដើម្បីកំណត់ថា តើត្រីឆ្លាមប្រភេទណា ដែលវាយប្រហារអ្នកហែលទឹក ទាំងពីរនាក់។

មានឧប្បត្តិហេតុបង្កឡើងពីត្រីឆ្លាម ច្រើនជាង១ពាន់២៨០លើក នៅជុំវិញប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៧៩១ ដែលក្នុងនោះ ជាង ២៥០លើក បណ្តាលឱ្យស្លាប់មនុស្ស នេះបើយោងតាមរបាយការណ៍ របស់អាជ្ញាធរជំនាញ។ ទិន្នន័យបានបង្ហាញថា អ្នកលេងសមុទ្រទាំងពីរនាក់ ទំនងជាត្រូវបានខាំដោយត្រីឆ្លាម Tiger និងឆ្លាម Bull ដែលជាប្រភេទត្រីឆ្លាមដ៏ធំ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner