កីឡាការិនីខ្មែរដ៏ឆ្នើមនៅសាធារណរដ្ឋកូរ៉េ នឹងចូលរួមផ្សព្វផ្សាយ មូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី ស្រួង សុភាវី កីឡាការិនីខ្មែរដ៏ឆ្នើមនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រីកការផ្សព្វផ្សាយ និងបញ្ជៀបចលនាកៀរគរការបរិច្ចាគក្នុងចំណោមសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។
បន្ទាប់ពីបានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល, កីឡាការិនីខ្មែរដ៏ឆ្នើមរបស់ខ្មែររូបនេះ រីករាយ នឹងជួយផ្សព្វផ្សាយ និងបញ្ជៀបចលនាកៀរគរការបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាសហគមន៍ខ្មែរនៅកូរ៉េ ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំងជាមួយបុគ្គលល្បីៗនៅកូរ៉េ ដែលលោកស្រីបានស្គាល់ ក្នុងបុព្វហេតុរួមមួយគឺ “ការរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ” ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា។
លោកស្រីបានសន្យាថា នឹងលៃពេលដើម្បីបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះ នៅអំឡុងខែ ធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ឬពេលសមស្របណាមួយ។
សូមជម្រាបជួបថា លោកស្រី ស្រួង សុភាវី ជាកីឡាការិនីខ្មែរដ៏ឆ្នើមមួយរូបទាំងក្នុងចំណោមពលរដ្ឋកូរ៉េ និងពលរដ្ឋកម្ពុជា ព្រមទាំងមានទំនាក់ទំនងល្អជាមួយពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ទៀតផង។
លោកស្រីក៏ធ្លាប់បាននាំកិត្តិយសជូនជាតិ តាមរយៈការទទួលបានមេដាយមាសក្នុងពេលប្រកួតកីឡាស៊ីហ្គេម ដែលត្រូវបានប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ផងដែរ ៕



ដោយ ៖ ង៉ាន់ ទិត្យ