អេស្តូនីទទួលបានកាំភ្លើងធំបាញ់ស្វ័យប្រវត្តិចំនួន ៦ គ្រឿងពីកូរ៉េខាងត្បូង
តាលិន ៖ ថ្មីៗនេះ ប្រទេសអេស្តូនីទើបទទួលបានកាំភ្លើងធំបាញ់ដោយស្វ័យប្រវត្តិ ឬបាញ់ដោយខ្លួនឯងឈ្មោះថា K9 Thunder ចំនួន ៦គ្រឿងផលិតដោយប្រទេសកូរ៉េខាងត្បូង ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពកងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងលើកកម្ពស់វិស័យការពារជាតិ។
បើតាមក្រសួងការពារជាតិអេស្តូនី, កាំភ្លើងធំ K9 Thunder ដែលទើបដឹកមកដល់ថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អេស្តូនី សម្រាប់ការត្រៀមខ្លួនទប់ទល់សត្រូវ ការពង្រឹងផ្នែកយោធា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគ្រាដែលអេស្តូនីកំពុងបង្កើនការវិនិយោគផ្នែកសន្តិសុខជាតិ។
កាំភ្លើងធំបាញ់ខ្លួនឯង K9 Thunder ផលិតដោយក្រុមហ៊ុន Hanwha Defence របស់កូរ៉េខាងត្បូង។ អេស្តូនីបានបញ្ជាទិញសរុបចំនួន ៣៦គ្រឿងពីកូរ៉េខាងត្បូង នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃប្រមាណ ១៣៨លានដុល្លារ។ កាំភ្លើងធំ K9 Thunder ចំនួន ៦គ្រឿងទៀត ត្រូវបានរំពឹងថា នឹងដឹកមកដល់អេស្តូនីនៅឆ្នាំក្រោយ។
មកទល់ពេលនេះ កាំភ្លើងធំ K9 Thunder របស់កូរ៉េខាងត្បូង ត្រូវបានដាក់ដំណើរការយ៉ាងទូលំទូលាយនៅទូទាំងតំបន់អាស៊ី និងអឺរ៉ុប។ ប្រព័ន្ធកាំភ្លើងធំនេះដែរ ត្រូវបានរដ្ឋសមាជិកណាតូអនុម័តឱ្យប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធលឿនបំផុត ដោយសារតែមើលឃើញពីភាពខ្លាំងមួយចំនួនៗ ក្នុងនោះវាងាយស្រួលចល័ត គ្រប់គ្រង និងបញ្ជាជាដើម៕
ប្រភព ៖ defence blog ប្រែសម្រួល ៖ ឈឹម ទីណា