សហព័ន្ធសហជីពកម្ពុជា ការពារកូនខ្មែរ ថា របាយការណ៍ HRW ស្ដីពីបញ្ហាពលករ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ
(ភ្នំពេញ)៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ (FUCPCK) ព្រមទាំងសមាជិក សមាជិកា សូមបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យមាន ការយល់ច្រឡំ ក្នុងចេតនាទុច្ចរិត ញុះញង់ និងមួលបង្កាច់ការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់បងប្អូនពលករ ដែលបានវិលត្រឡប់មកកម្ពុជាវិញ ។
ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មកស្រុកវិញ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ» ដោយអង្គការនេះបានសម្ភាសអតីតពលករតែ ៥៦នាក់ប៉ុណ្ណោះ ។
ជាក់ស្ដែង លោកបានមើលឃើញថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះបងប្អូន ពលករដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការរៀបចំ មណ្ឌលសំចត ផ្តល់មធ្យោបាយធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ ជួយលើកសម្ភារៈ ផ្តល់ទឹកសុទ្ធ និង អាហារសម្រន់ ជួយសម្រួលឯកសារអត្តសញ្ញាណកម្ម និងជួយឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ពន្យារពេលក្នុងការសង។
ទន្ទឹមនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធបង្កើត យុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” តាមរយៈការជួយគ្នាចុះឈ្មោះ រកការងារធ្វើតាមប្រព័ន្ធ ទូរសព្ទលេខ១២៩៧ និងតាមប្រព័ន្ធតេលេក្រាម ដែលបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងយុវជនស្ម័គ្រចិត្ត នៃ សហភាពសហព័ន្ធយុវជនកម្ពុជា អាចជួយចុះឈ្មោះស្វែងរកការងារជូន បងប្អូនពលករ ដោយមិនបាច់ ចំណាយ ពេលធ្វើដំណើរទៅកន្លែងណាមួយ ដើម្បីចុះឈ្មោះព្រមទាំងរៀបចំវេទិកាការងារភ្លាមៗនៅតាមឃុំ ដែល មានចំនួន បងប្អូនពលករវិលមកវិញច្រើន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានចុះ ទៅសម្ភាស ការងារផ្ទាល់នៅតាមឃុំតែម្តងសរុបចំនួន ៥៧៧លើក ព្រមទាំងរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ ដើម្បីផ្លាស់ប្តូរជំនាញដល់បងប្អូនដែលចង់បង្កើតមុខរបរ ឬធ្វើការនៅភូមិ ឃុំ។
ជាលទ្ធផល បងប្អូនពលករ បានទទួល ការងារធ្វើក្នុងប្រព័ន្ធចំនួនជាង ២៨ម៉ឺននាក់ ហើយក្រសួងកំពុងមានឱកាសការងារប្រមាណ ៨ម៉ឺនកន្លែង និងកំពុងប្រមូលបន្ថែម ៕


ដោយ ៖ វណ្ណលុក