ក្រសួងព័ត៌មានកំណត់ឱ្យចាងហ្វាងការផ្សាយ និពន្ធនាយក ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ និង អ្នកយកព័ត៌មាន ពិធីករ ត្រូវតែមានសញ្ញាបត្របាក់ឌុបឡើងទៅ
(ភ្នំពេញ)៖ក្រសួងព័ត៌មានបានចេញអំពីលក្ខខណ្ឌគុណវុឌ្ឍ និង វិជ្ជាជីវៈសារព័ត៌មានសម្រាប់ ឱ្យអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ក្នុងនេះចាងហ្វាងការផ្សាយ និង និពន្ធនាយក ត្រូវមានអាយុចាប់ពី ២៥ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូល ហើយចំពោះអ្នកយកព័ត៌មាន ពិធីករវិញ ចាំបាច់ត្រូវមានអាយុចាប់ពី ២០ឆ្នាំ ហើយត្រូវមានសញ្ញាបត្របាក់ឌុប ឬ សញ្ញាបត្រសមមូលឡើងទៅ។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានចំនួន ៥ជំពូក ដោយបានភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនដូចជា៖ ការរបង្កើតអង្គភាពកាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ បោះពុម្ពផ្សាយ និងគេហទំព័រត្រូវបានការកំណត់រចនាសម្ព័ន្ធដូចជា ៖ ចាងហ្វាងការផ្សាយ ឬបណ្ណាធិការ ឬម្ចាស់អង្គភាព,និពន្ធនាយក,ផ្នែករដ្ឋបាល,ផ្នែកហិរញ្ញវត្ថុ,ផ្នែកទីផ្សារ,ផ្នែកសារព័ត៌មាន។ ដោយឡែកចំពោះការបង្កើតស្ថានីយវិទ្យុអែហ្វអឹម ទូរទស្សន៍ និងគេហទំព័រ ត្រូវមានការកំណត់រចនាសម្ព័ន្ធ ដូចជា៖នាយកស្ថានីយ ឬម្ចាស់អង្គភាព,នាយកការផ្សាយ,ផ្នែកផលិត កម្មវិធី, ផ្នែកព័ត៌មាន ,ផ្នែកពិធីករ,ផ្នែកបច្ចេកទេស,ផ្នែករដ្ឋបាល,ផ្នែកហិរញ្ញវត្ថុ និងផ្នែកទីផ្សារ។
ក្នុងសេចក្តីប្រកាសដដែលនេះ ក៏បានបញ្ជាក់អំពីលក្ខខណ្ឌមួយចំនួនទៀតដូចជា ការរទទួលខុសត្រូវ និង ការដកហូតការទទួលស្គាល់គុណវុឌ្ឍពីរូបវន្ត និង នីតិបុគ្គល ក្នុងករណីប្រព្រឹត្តផ្ទុយនឹង នឹងសេចក្តីប្រកាសនេះ ។
ជាមួយគ្នានេះដែរបន្ទាប់ពីប្រកាសនេះទៅត្រូវបានដាក់ឱ្យអនុវត្ត ចាងហ្វាងការផ្សាយ ឬនាយកការផ្សាយ ឬ បណ្ណាធិការ ឬនាយកស្ថានីយ ឬម្ចាស់អង្គភាព និពន្ធនាយក អ្នកយកព័ត៌មាន ពិធីករ អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាពនិងអ្នកបច្ចេកទេស ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានរួចហើយ ដែលមានបំណងចង់បានការទទួលស្គាល់គុណវុឌ្ឍពីក្រសួងព័ត៌មាន ត្រូវមកបំពេញលក្ខខណ្ឌតាមខ្លឹមសារ នៃប្រកាសនេះ។
ក្រសួងព័ត៌មានបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនដែរថាចំពោះអង្គភាពផ្សព្វផ្សាយឯកជនទាំងអស់ដែលបានចុះបញ្ជីនិងកំពុងដំណើរការ ដោយមិនទាន់មាន រចនាសម្ព័ន្ធសមស្របតាមប្រកាសនេះ ក្រសួងព័ត៌មានទុករយៈពេល១ឆ្នាំ ដើម្បីធ្វើការកែសម្រួលឱ្យបានស្រប តាមប្រកាសនេះ។
គួរបញ្ជាក់ដែរថា ចំពោះចាងហ្វាងការផ្សាយ និពន្ធនាយក ក្រៅពីត្រូវមានសញ្ញាបត្របរិញ្ញាបត្រហើយត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួង ព័ត៌មានឬស្ថាប័ន ដែលមានការទទួលស្គាល់ពីក្រសួងព័ត៌មាន និង/ឬត្រូវឆ្លងកាត់ការ វាយតម្លៃកម្រិតចំណេះដឹងពីក្រសួងព័ត៌មាន។ដោយឡែកចំពោះអ្នកយកព័ត៌មាន និងពិធីករវិញ ក្រៅពីត្រូវមានសញ្ញាបត្របាក់ឌុបឬសញ្ញាបត្រសមមូលឡើងទៅហើយ ក៏ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួង ព័ត៌មាន ឬស្ថាប័នដែលមានការទទួលស្គាល់ដោយក្រសួងព័ត៌មាន និង/ឬត្រូវឆ្លងកាត់ ការវាយតម្លៃកម្រិតចំណេះដឹងពីក្រសួងព័ត៌មាន,ធ្លាប់បម្រើការងារជាអ្នកយកព័ត៌មានយ៉ាងតិច ១ឆ្នាំ ដោយត្រូវមានលិខិតបញ្ជាក់ ទទួលស្គាល់ពីសាមីអង្គភាពផងដែរ៕






ដោយ ៖ ម៉ាដេប៉ូ