អាមេរិកចាយជិត ៣ ពាន់លានដុល្លារ ទិញយន្តហោះចាក់សាំងលើអាកាសថែម ១៥ គ្រឿងទៀតពី Boeing
វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកចុះកុងត្រាមានតម្លៃ ២.៤៧ ពាន់លានដុល្លារជាមួយក្រុមហ៊ុន Boeing ដើម្បីបញ្ជាទិញយន្តហោះចាក់សាំងលើអាកាសធុន KC-46A Pegasus ចំនួន ១៥គ្រឿងថែមទៀត ក្នុងគោលបំណងពង្រីក និងធ្វើទំនើបកម្មកងយន្តហោះចាក់សាំងលើអាកាស។ នេះបើតាមរ៉យទ័រចេញផ្សាយកាលពីថ្ងៃពុធ។
លោក Jake Kwasnik ដែលជាអនុប្រធាន និងជាអ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍យន្តហោះ KC-46 របស់ Boeing និយាយថា កិច្ចសន្យាថ្មីនេះនឹងជួយធានាដល់ស្ថេរភាពផលិតកម្ម រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ឈានមុខគេរបស់យើង ដើម្បីបន្តផ្តល់នូវសមត្ថភាពគ្មានគូរផ្ទឹមនៃយន្តហោះចាក់សាំងលើអាកាស KC-46A។
បើតាមក្រុមហ៊ុន Boeing, យន្តហោះនេះមានសមត្ថភាពហោះហើរលើសពី ១៥០,០០០ម៉ោង ឬស្មើនឹង៦២៥ថ្ងៃ ដែលជាស្តង់ដារមួយបង្កើតឡើង ដើម្បីគាំទ្រដល់បេសសកម្មបណ្តុះបណ្តាលហោះហើរផ្លូវអាកាស ការដាក់ពង្រាយយន្តហោះ និងគាំទ្រការចាក់សាំងយន្តហោះលើអាកាសចល័តទូទាំងពិភពលោក។
យន្តហោះ KC-46A ផលិតដោយក្រុមហ៊ុន Boeing និងធ្វើប្រតិបត្តិការដោយកងទ័ពអាកាសអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មកទល់ពេលនេះ យន្តហោះចាក់សាំងលើអាកាស សម្រាប់បេសសកម្មចម្រុះ KC-46A សរុបចំនួន ១៨៣គ្រឿង បានស្ថិតក្នុងកុងត្រាបញ្ជាទិញ និងមួយចំនួនធំត្រូវបានដាក់ដំណើរការរួចហើយនៅទូទាំងពិភពលោក។
ក្នុងនោះ៩៨គ្រឿងដំណើរការដោយកងទ័ពអាកាសអាមេរិក, ៦គ្រឿងដំណើរការដោយកងទ័ពអាកាសជប៉ុន និង៤គ្រឿងទៀតស្ថិតក្នុងកុងត្រាផលិតទៅឱ្យកងទ័ពអាកាសអ៊ីស្រាអែល។
បើតាមការអះអាងរបស់ Boeing, ចំណាប់អារម្មណ៍អតិថិជនអន្តរជាតិចំពោះយន្តហោះ KC-46A នៅតែមានស្ថិរភាព ស្របពេលដែលកងទ័ពអាកាសសម្ព័ន្ធមិត្តអាមេរិក ស្វែងរកការធ្វើទំនើបកម្មកងយន្តហោះចាក់សាំងលើអាកាសរបស់ពួកគេ។
យោងតាម defence blog, យន្តហោះ KC-46 Pegasus គឺជាយន្តហោះផ្ទុកប្រេង និងដឹកជញ្ជូនយោធាយុទ្ធសាស្ត្រ ដែលបង្កើតឡើងដោយក្រុមហ៊ុន Boeing យកយកគំរូចេញពីយន្តហោះ 767 របស់ខ្លួន។
យន្តហោះ KC-46A មានតម្លៃប្រហែល ១៦០លានដុល្លារក្នុងមួយគ្រឿង ហើយរចនាឡើងសម្រាប់បេសសកម្មដឹកជញ្ជូន និងចាក់សាំងលើអាកាសដល់យន្តហោះរបស់អាមេរិក សម្ព័ន្ធមិត្ត និងប្រទេសដៃគូ៕
ប្រភព ៖ defence blog ប្រែសម្រួល ៖ ឈឹម ទីណា
