លោក ត្រាំ ប្រកាសពីការស្លាប់ទាហានឆ្មាំជាតិ ដែលគេបាញ់ជិតសេតវិមាន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការស្លាប់ របស់ទាហានឆ្មាំជាតិ ដែលត្រូវបានខ្មាញ់កាំភ្លើងបាញ់ប្រហារ នៅជិតសេតវិមាន។

លោក Trump បាននិយាយថា នាង Sarah Beckstrom ដែលជាទាហានម្នាក់ ក្នុងចំណោមទាហានឆ្មាំជាតិពីរនាក់ និងដែលបានត្រូវបាញ់ប្រហារ កាលពីថ្ងៃពុធ នៅក្បែរនឹងសេតវិមាននោះ បានស្លាប់ហើយ។ រីឯ ទាហានជាយុវជនម្នាក់ទៀត កំពុងត្រូវបានប្រឹងប្រែងជួយសង្គ្រោះជីវិត តែ លោកប្រធានាធិបតីអះអាងថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់។

លោក Trump បានកោតសរសើរ នាង Beckstrom ថា ជា “មនុស្សដែលមានការគោរពខ្ពស់ វ័យក្មេង និងអស្ចារ្យ” ។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ខ្មាន់កាំភ្លើងម្នាក់បានចូលទៅបាញ់ប្រហារលើទាហានឆ្មាំជាតិ២នាក់ នៅជាប់នឹងស្ថានីយរថភ្លើងក្រោមដី ជិតនឹងសេតវិមាន ដែលស្គាល់ថា ជាការិយាល័យធ្វើការរបស់ប្រធានាធិបតីអាមេរិក។

លោក​ Donald Trump បានអះអាងថា ខ្មាន់កាំភ្លើងគឺជាបុរសអាហ្វហ្គានីស្ថាន ហើយចាត់ទុកថា ជា «អំពើភេរវកម្ម»។ លោកបានបញ្ជាក់ថា ជនសង្ស័យបានចូលដីអាមេរិក នៅឆ្នាំ២០២១ ក្នុងពេលមានការជម្លៀស ប្រជាជនអាហ្វហ្គានីស្ថានចេញពីប្រទេស ដែលត្រូវបានកាន់កាប់ដោយពួកតាលីបង់។

ការវាយប្រហារដ៏គួរឱ្យតក់ស្លុតនេះ បានធ្វើឡើង ចំពេលដែលលោក Trump បានដាក់ពង្រាយកងទ័ព ទៅកាន់ទីក្រុងជាច្រើន ចាត់ការលើជនអន្តោប្រវេសន៍ខុសច្បាប់។

យ៉ាងណា ការដាក់ពង្រាយនេះ បានជំរុញឱ្យមានការប្តឹង និងតវ៉ាផ្លូវច្បាប់ជាច្រើន ដែលចោទថា កំពុងស្វែងរកអំណាចផ្តាច់ការ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner