សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើកិច្ចព្រមព្រៀង និងពិធីសារពង្រីកផ្លូវហោះហើរនៅអាស៊ាន អឺរ៉ុប និងចិន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២៨ វិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀង និងពិធីសារពង្រីកផ្លូវហោះហើរនៅអាស៊ាន អឺរ៉ុប និងចិន ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី មានរបៀបវារៈចំនួន៥ រួមមាន៖

១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។

២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។

៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិក សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន, សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូន តាមផ្លូវ អាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម មានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យ អាកាសចរណ៍របស់កម្ពុជា។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន កម្ពុជា ដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជន និងប្រជាជន នៃតំបន់ទាំងពីរ ជាពិសេសរវាង កម្ពុជា ជាមួយរដ្ឋ សមាជិក នៃសហភាពអឺរ៉ុប, ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិ និង អន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ ផ្លូវរវាង កម្ពុជា និងរដ្ឋជាសមាជិក នៃ សហភាពអឺរ៉ុប និង បង្ហាញការ ធានាបានសុវត្ថិភាព និងសន្តិសុខ អាកាសចរណ៍កម្រិតខ្ពស់បំផុតនៅកម្ពុជា ជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន ព្រមទាំងធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុន អាកាសចរណ៍មកពីតំបន់អាស៊ាន និងសហភាពអឺរ៉ុប។

ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ច ព្រម ព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កម្ពុជានឹងទទួលបានអត្ថប្រយោជន៍លើការជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជនកម្ពុជា និងចិន រួមទាំងអាស៊ាន និងចិន, ជំរុញ ក្រុម ឱ្យ ហ៊ុនអាកាសចរណ៍កម្ពុជា និងចិន ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត, បង្កើនជម្រើសកាន់តែច្រើនថែមទៀត ដល់អ្នកដំណើរតាមផ្លូវ អាកាស អន្តរជាតិរវាងកម្ពុជា និងចិន និងទទួល បាននូវការទាក់ទាញលើការកសាង និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ ស៊ីវិល រវាងកម្ពុជា និងចិន។

យោងតាមរបាយការណ៍បានឱ្យដឹងថា អាកាសចរស៊ីវិលកម្ពុជា ទទួលបានអ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសជាង ៥,៦លាននាក់ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥ កើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ កំណើននេះ ដោយ សារការងើបឡើងវិញយ៉ាងខ្លាំងនៃចំនួនទេសចរ ចិន ខណៈការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស នឹងកើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ២០២៥ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner