តៃវ៉ាន់ផ្គើនចិន បន្តលួចចរចាទិញអាវុធថែមពីអាមេរិក
តៃប៉ិ ៖ មិនខ្វល់ពីការសម្លុតគំរាមរបស់ចិន រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានអះអាងថា កោះតៃវ៉ាន់បានពិភាក្សាជំហានដំបូងរួចហើយជាមួយខាងភាគីអាមេរិក ពាក់ព័ន្ធនឹងគ្រឿងសព្វាវុធដែលខ្លួនចង់បញ្ជាទិញថែម ជាផ្នែកមួយនៃកញ្ចប់ថវិកាការពារជាតិថ្មីចំនួន ៤០ពាន់លានដុល្លារ។
កញ្ចប់ថវិកាការពារជាតិថ្មីនេះ ត្រូវបានប្រកាសដោយលោកប្រធានាធិបតីកោះតៃវ៉ាន់ ដែលធ្លាប់សន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៣០។
បើតាមប្រមុខការពារជាតិតៃវ៉ាន់, ការទិញអាវុធថែមពីអាមេរិក គឺជាផ្នែកមួយដ៏សំខាន់នៃផែនការចំណាយពង្រឹងវិស័យការពារជាតិរបស់តៃវ៉ាន់ ហើយទីក្រុងវ៉ាស៊ីនតោនក៏មានឆន្ទៈលក់អាវុធឱ្យដល់តៃវ៉ាន់ផងដែរ។
ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីក្នុងខែមករាដើមឆ្នាំ កិច្ចព្រមព្រៀងសព្វាវុធមានតម្លៃ ៣៣០លានដុល្លារតែមួយគត់ ដែលអាមេរិកអនុម័តលក់ជាផ្លូវការឱ្យដល់កោះតៃវ៉ាន់ សម្រាប់យន្តហោះចម្បាំង និងគ្រឿងបន្លាស់យន្តហោះផ្សេងទៀតក្នុងខែនេះ។
មូលហេតុដែលតៃវ៉ាន់សម្រុកចរចាទិញអាវុធថែមពីអាមេរិក គឺដោយសារតែប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕


ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា