ពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឱ្យអាជ្ញាធរពន្លឿនការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខ សុវត្ថិភាពផ្សេងៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
វេទិកានេះ រៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនោះក៏មានវត្តមាន ឯកឧត្តម ស្រេង ជ្រិន អគ្គាធិការ នៃក្រសួងសុខាភិបាល តំណាង ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៥០០នាក់ ។
លោក ពេញ ធារម្យ លើកឡើងថា ក្នុងនាមជាអាជ្ញាធរ ចង់បានបំផុតការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលផលដោយផ្ទាល់ បើទោះសំណើ និងសំណូមពរខ្លះ មិនអាចសម្រេចបានភ្លាមៗ តែយ៉ាងណាក៏ត្រូវតែដោះស្រាយជូន ។
ឆ្លើយតបនឹងសំណើ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋ ស្នើសុំអំពូលភ្លើងបំភ្លឺផ្លូវសូឡា ក្នុងនាមអភិបាលខណ្ឌសែនសុខ ដែលទើបឡើងកាន់នាពេលថ្មីៗនេះ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌសែន សុខបានធានាថា មិនឱ្យលើសពី ១សប្តាហ៍ លោកនឹងចាត់ឱ្យតម្លើងជូន តាមសំណូមពរ ខណៈដែលសំណើនិងសំណូមពរផ្សេងៗដែលនៅសេសសល់ លោកនឹងចុះពិនិត្យផ្ទាល់ តាមទីតាំងជាក់ស្តែង និងខិតខំដោះស្រាយឱ្យអស់លទ្ធភាព តាមដែលអាចធ្វើបានជូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ មានប្រជាពលរដ្ឋ ៨នាក់ បានលើកសំណើ និងសំណូមពរផ្ទាល់មាត់ ដោយភាគច្រើន សុំអំពូលភ្លើង ការលើកកម្ពស់ផ្លូវ ការពង្រីកផ្លូវ និងការជួសជុលស្ថាបនាផ្លូវ ដែលរងការខូចខាតដោយសារជំ នន់ទឹកភ្លៀង៕







រូបភាព៖ ថេត វិចិត្រ អត្ថបទ៖ ហេង សម្បត្តិ