ក្រសួងរៀបចំដែនដី នឹងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់ រយៈពេល៣ថ្ងៃ នៅចុងខែវិច្ឆិកានេះ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងរៀបចំពិព័រណ៍មួយក្រោមប្រធានបទ ឧស្សាហកម្មសំណង់ ផលិតភាពកម្ពុជា នៅទីស្ដីការក្រសួងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៥ ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីពេលថ្មីៗនេះ ។


បើតាមក្រសួងដែនដីបានបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារនិងការអភិវឌ្ឍឧស្សាហកម្មសំណង់ ដែលមានការចូលរួមសហការតាំងពិព័រណ៍ដោយភាគីពាក់ព័ន្ធជាច្រើនដូចជាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនផលិតផ្គត់ផ្គង់ និងចែកចាយផលិតផលសំណង់ សម្ភារៈសំណង់ បរិក្ខារសំណង់ ឧបករណ៍និងគ្រឿងចក្រសំណង់ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សមាគមអ្នកអភិវឌ្ឍអចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង គណៈវិជ្ជាជីវៈនិងគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសំណង់ និងដៃគូជាច្រើនផ្សេងទៀត។


នៅក្នុងកម្មវិធីពិព័រណ៍នេះ ក៏នឹងមានការចូលរួមពីបណ្ដាក្រុមហ៊ុនសំណង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនលក់សម្ភារៈសំណង់ និងក្រុមហ៊ុនផ្ដល់សេវាកម្មប្រឹក្សាអចលនទ្រព្យ ភ្នាក់ងារអចលនវត្ថុ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏ដូចជាក្រុមហ៊ុនពាក់ព័ន្ធជាច្រើនទៀត ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សង្ឃឹមថា ព្រឹត្តិការណ៍នេះ មានការចូលទស្សនាច្រើនកុះករពីនិស្សិត បណ្ដាអ្នកស្វែងរកសេវាកម្ម និងផលិតផលក្នុងវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner