ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ស្រ្តីគឺកម្លាំងស្នូលក្នុងការចូលរួមកសាងនិងស្ថាបនាជាតិ លើគ្រប់វិស័យ
(ភ្នំពេញ)៖ តាំងពីដើមរៀងមក ស្រ្តីគឺកម្លាំងស្នូលក្នុងការចូលរួមកសាង និង ស្ថាបនាជាតិ ព្រមទាំងបានចូលរួមដ៏សកម្មលើគ្រប់វិស័យទាំងសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាព និងលើកទឹកចិត្តដល់ស្រ្តីក្នុងការបំពេញកិច្ចការងារផ្សេងៗដូចបុរស ដោយគ្មានការរើសអើង។
ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាស្តីពី“ភាពជាអ្នកដឹកនាំរបស់ស្រ្តីប្រកបដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អនិងរស់រវើក” ដោយមានការចូលរួមពីលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និយោជិត នៃ ក.ប.ទ និងមន្ទីរ ប.ទ. គ្រប់ខេត្ត ប្រមាណជាង ៤០០រូប នៅសណ្ឋាគារសាន់វ៉េ ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារបញ្ជ្រាបយេនឌ័រ នៃ ក.ប.ទ. ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការជាស្ត្រីដែលបម្រើការក្នុងក្រសួង និងអង្គភាពចំណុះក្រសួង ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត សំដៅជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងលើកកម្ពស់ភាពជាអ្នកដឹកនាំឌីជីថលរបស់ស្ត្រី។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលនិងវគ្គបណ្តុះបណ្តាលផ្សេងទៀត និងអំពាវនាវឱ្យមានការចូលរួមពីស្ដ្រីក្នុងវិស័យឌីជីថល ៕







អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា