លោក ពូទីន នឹងធ្វើលិខិតបញ្ជាក់ថា រុស្ស៊ី គ្មានគម្រោងលុកលុយប្រទេសអឺរ៉ុប

ប៊ីស្កេក ៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងធ្វើលិខិតធានាអះអាងជាផ្លូវការថា រុស្ស៊ីគ្មានគម្រោងលុកលុយបណ្តាប្រទេសនៅអឺរ៉ុប ដូចការបំប៉ោងព័ត៌មាននោះទេ ។

ថ្លែងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃព្រហស្បតិ៍, លោក ពូទីន និយាយថា មេដឹកនាំសហភាពអឺរ៉ុប កំពុងបំប៉ោងព័ត៌មាន អំពីការគំរាមកំហែងរបស់រុស្ស៊ី ដើម្បីបម្រើផលប្រយោជន៍នយោបាយក្នុងស្រុក និងដើម្បីជាផលប្រយោជន៍ ដល់ឧស្សាហកម្មលក់អាវុធ របស់ពួកគេតែប៉ុណ្ណោះ ។

លោកថា រុស្ស៊ីបានច្រានចោលចំពោះការអះអាងរបស់លោកខាងលិច ដែលចេះតែបន្តចោទថា រុស្ស៊ីមានផែនការវាយប្រហារបណ្តាប្រទេសក្នុងប្លុកអឺរ៉ុប ហើយថា ទីក្រុងមូស្គូត្រៀមខ្លួនរួចរាល់អស់ហើយនៅក្នុងការធានាសន្តិសុខ ជាលាយលក្ខណ៍អក្សរ ។

លោក ពូទីន បញ្ជាក់ថា «ជារឿងគួរឲ្យអស់សំណើច ដែលរុស្ស៊ីគ្រោងវាយប្រហារអឺរ៉ុប ហើយការចោទប្រកាន់ កន្លងមក គឺជារឿងមិនសមហេតុផល និង ភូតកុហកទាំងស្រុង ដើម្បី បំភាន់ស្មារតីសាធារណជនលោកខាងលិច»។

មេដឹកនាំវិមានក្រឹមឡាំង រូបនេះបន្ថែមថា ប្រសិនបើអឺរ៉ុបចង់បានការធានា ជាផ្លូវការថា រុស្ស៊ីពិតជាមិនមានផែនការលុកលុយប្លុកមួយនេះមែននោះ រុស្ស៊ីក៏មានឆន្ទៈ ធ្វើរឿងនេះបានដូចគ្នា ។

យោងតាមសារព័ត៌មាន RT, ទីក្រុងមូស្គូបានច្រានចោល ការអះអាង ម្តងហើយម្តងទៀត ដែលថា រុស្ស៊ីមានផែនការវាយប្រហារបណ្តាប្រទេសសហភាពអឺរ៉ុប ដោយលើកហេតុផលថា ការចោទប្រកាន់បែបនេះ ត្រូវបានប្រើប្រាស់ ដោយអ្នកនយោបាយអឺរ៉ុប ដើម្បីបន្លាចប្រជាជន និងបង្ហាញពីភាពត្រឹមត្រូវ នៃការចំណាយយោធា ដែលកំពុងកើនឡើងរបស់ខ្លួនតែប៉ុណ្ណោះ ៕

ប្រភពពី RT, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner