ថៃ ខ្វះកន្លែងរក្សាទុកសាកសពជនរងគ្រោះដោយទឹកជំនន់

បាងកក ៖ មន្ទីរពេទ្យនៅភាគខាងត្បូងប្រទេសថៃកំពុងខ្វះកន្លែងរក្សាទុកសាកសពរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែទឹកជំនន់ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅសុក្រនេះ ។

លោក Charn បុគ្គលិកធ្វើការនៅអគាររក្សាទុកសាកសពក្នុងមន្ទីរពេទ្យមួយកន្លែងនៅខេត្ត Songkhla ភាគខាងត្បូងថៃនិយាយថា កន្លែងសំខាន់ៗសម្រាប់ទទួលសាកសពជនរងគ្រោះ ដោយសារទឹកជំនន់ បានពេញអស់ ជាហេតុនាំឲ្យអាជ្ញាធរ សម្រេចយករថយន្តដឹកទូរទឹកកក ក្លាសេ ចំនួន ៣ គ្រឿង មកជួយសម្រួល ។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កង្វះខាតនេះបានកើតមានឡើង បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់នៅខេត្ត Songkhla ហក់ឡើងខ្លាំង ។

បើតាមរដ្ឋាភិបាលថៃ, ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់នៅខេត្ត Songkhla ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ បានកើនឡើងដល់ជាង ៨០ នាក់ហើយ ។

បញ្ហានេះក៏នាំឲ្យរដ្ឋាភិបាលប្រកាសព្យួរការងារអភិបាលស្រុក Hat Yai ក្នុងខេត្ត Songkhla ជុំវិញការខកខានទៅនឹងការឆ្លើយតបចំពោះបញ្ហាទឹកជំនន់ដ៏ខ្លាំងក្លានេះ ។

បច្ចុប្បន្ន ស្រុកជាច្រើននៅខេត្តភាគខាងត្បូងប្រទេសថៃ ជាពិសេស នៅស្រុក Hat Yai ដែលមានព្រំដែនជិតប្រទេសម៉ាឡេស៊ី កំពុងគ្របដណ្ដប់ទៅដោយគ្រោះធម្មជាតិដ៏បំផ្លិចបំផ្លាញមួយនេះ ដោយបង្ខំឲ្យអ្នកស្រុកឡើងលើដំបូលផ្ទះរបស់ខ្លួន ដើម្បីរក្សាសុវត្ថិភាព ។

បើតាមនាយកដ្ឋានធារាសាស្ត្រថៃ, គ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានក្នុងរយៈពេល ៣០០ ឆ្នាំមកនេះ ប៉ះពាល់ដល់ពលរដ្ឋជាង ១២ ម៉ឺន ៧ ពាន់គ្រួសារ ហើយអាចនឹងនាំឲ្យប្រទេសថៃខាតបង់សេដ្ឋកិច្ចក្នុងរង្វង់ ៧៧៥ លានដុល្លារផងដែរ ៕

ប្រភពពី CNA, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner