លោក ត្រាំ គំរាមផ្អាកទទួលយកជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសលោកទី៣ ជាអចិន្ត្រៃយ៍

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសក្តែងៗថា រដ្ឋបាលរបស់គាត់នឹងផ្អាកទទួលយកជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសលោកទី៣ជាអចិន្ត្រៃយ៍។ ពាក្យប្រទេសលោកទី៣ ជាទូទៅសំដៅលើក្រុមប្រទេសដែលខឿនសេដ្ឋកិច្ចនៅមានភាពអន់ថយនៅឡើយ។

បើតាម The straits times, ការប្រកាសបែបនេះរបស់លោកប្រធានាធិបតី Trump ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន បានបាញ់ប្រហារលើទាហានឆ្មាំជាំតិអាមេរិកចំនួន ២នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងនោះមានម្នាក់បាត់បង់ជីវិត។

មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានប្រាប់មូលហេតុលើបណ្តាញសង្គម Truth Social ថា លោកនឹងផ្អាកទទួលយកជនអន្តោប្រវេសន៍មកពីប្រទេសលោកទី៣ទាំងអស់ជាអចិន្ត្រៃយ៍ គឺក្នុងគោលបំណងអនុញ្ញាតឱ្យប្រព័ន្ធអន្តោប្រវេសន៍អាមេរិកស្តារឡើងវិញឱ្យបានពេញលេញ។

យោងតាម Channel News Asia, លោកប្រធានាធិបតី Trump ក៏បានគំរាមលុបចោលវិញនូវការទទួលយកមនុស្សរាប់លាននាក់ កាលពីអំឡុងអាណត្តិអតីតលោកប្រធានាធិបតី Joe Biden ផងដែរ ហើយបណ្តេញជនអន្តោប្រវេសន៍នានា ដែលមិនចូលរួមចំណែកបម្រើជាប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក។

បន្ថែមលើនេះ លោកប្រធានាធិបតី Trump ក៏បានព្រមានបញ្ចប់កម្មវិធីផ្តល់អត្ថប្រយោជន៍ និងឧបត្ថម្ភធនទាំងអស់របស់សហព័ន្ធ សម្រាប់អ្នកដែលមិនមែនជាជនជាតិអាមេរិក ហើយបណ្តេញជនបរទេសទាំងឡាយណា ដែលជាហានិភ័យសន្តិសុខ ឬមិនចុះសម្រុងជាមួយអរិយធម៌លោកខាងលិច។

ការព្រមានធ្ងន់ៗរបស់មេដឹកនាំអាមេរិករូបនេះ បានបង្ហាញពីការកើនឡើងថ្មីមួយទៀត នៃគោលនយោបាយប្រឆាំងអន្តោប្រវេសន៍នៅក្នុងអាណត្តិទី២ របស់លោកប្រធានាធិបតី Trump ដែលគ្របដណ្តប់ដោយយុទ្ធនាការចាប់ខ្លួន និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងទ្រង់ទ្រាយធំ៕

ប្រភព ៖ The straits times និង CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner