មេចរចាសន្តិភាពអ៊ុយក្រែនអស់តំណែង ក្រោយគេឆែកឆេរផ្ទះរឿងពុករលួយ
កៀវ ៖ ប្រមុខចរចាសន្តិភាពរបស់ប្រទេសអ៊ុយក្រែន បានប្រកាសលាលែងពីមុខតំណែង បន្ទាប់ពីប៉ូលីសប្រឆាំងអំពើពុករលួយ បានឆ្មក់ឆែកឆេរផ្ទះ។
លោក Andriy Yermak គឺជាជំនិត ដ៏មានឥទ្ធិពលរបស់លោក ប្រធានាធិបតី Zelenskyy ដែលបានដឹកនាំក្រុមចរចារបស់អ៊ុយក្រែន ក្នុងផែនការសន្តិភាព ២៨ចំណុច របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន CNA, លោកYermak បានបញ្ជាក់ថា ផ្ទះរបស់លោកត្រូវបានឆែកឆេរ តែ លោកបានផ្តល់កិច្ចសហការ។ ការិយាល័យប្រឆាំងអំពើពុករលួយជាតិ និង ការិយាល័យអយ្យការពិសេស ប្រឆាំងអំពើពុករលួយ មិនបានបញ្ជាក់ថា តើការស៊ើបអង្កេតមួយណា ត្រូវបានភ្ជាប់ជាមួយនោះឡើយ។
យ៉ាងណា នៅក្នុងខែនេះ ទីភ្នាក់ងារទាំងពីរ បានបង្ហាញការស៊ើបអង្កេត យ៉ាងទូលំទូលាយមួយ ទៅលើគម្រោងថវិកា ១០០លានដុល្លារអាមេរិក នៅឯក្រុមហ៊ុនថាមពលអាតូមិករបស់រដ្ឋ ដែលត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងអតីតមន្ត្រីជាន់ខ្ពស់ និង អតីតដៃគូអាជីវកម្ម របស់លោក Zelenskyy។
លោក Yermak មិនត្រូវបានគេដាក់ឈ្មោះ ជាជនសង្ស័យនោះទេ ប៉ុន្តែ សកម្មជន, សមាជិកសភាបក្សប្រឆាំង និង សូម្បីតែសមាជិក នៅក្នុងគណបក្សរបស់លោក Zelenskyy បានអំពាវនាវឱ្យបណ្តេញរូបលោកចេញ ដោយនិយាយថា វត្តមានរបស់លោក Yermak បានធ្វើឱ្យប៉ះពាល់ដល់អំណាចចរចា របស់អ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Yermak កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ចរចាសន្តិភាព ហើយ លោកគឺជាបុគ្គលដែលប្រឆាំងនឹងលក្ខខណ្ឌខ្លះៗ ស្នើឡើងដោយសហរដ្ឋអាមេរិក ជុំវិញ ការទាមទារទឹកដី តាមការចង់បានរុស្ស៊ី ជាដើម។
លោក Zelenskyy បាននិយាយថា លោកនឹងពិចារណា ស្វែងរកអ្នកមកជំនួស នៅថ្ងៃសៅរ៍។ តែ
លោក បានអំពាវនាវឱ្យមានការរួបរួមកាន់តែខ្លាំង ហើយចោទថា រុស្ស៊ីចង់ឱ្យអ៊ុយក្រែនសាងកំហុស។ មេដឹកនាំរូបនេះ ធ្លាប់បានចោទថា រុស្ស៊ីមានពាក់ព័ន្ធនឹងការធ្វើឲ្យកក្រើក ចំពោះបញ្ហាពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត