លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាក់ចេញអនុសាស​ន៍ ៨ចំណុច តម្រង់ទិសយុទ្ធសាស្ត្រកាកបាទក្រហម​កម្ពុជា ឆ្នាំ២០២៦-២០៣០

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ា ណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បាន ផ្តល់អនុសាសន៍សំខាន់ៗចំនួន ៨ចំណុច ដើម្បីពង្រឹង​ប្រ​​សិទ្ធភាពការងារមនុស្សធម៌ និងតម្រង់ទិសសម្រាប់​ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០។ ការថ្លែង​នេះ​បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុប​សមិទ្ធផល​ការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពឆ្នាំ​២០​២​៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងនាមតំណាងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោត​សរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំង​ថ្នាក់កណ្តាល និងសាខាទាំង ២៥រាជធានី-ខេត្ត សរុប​ជាង ១៥០នាក់ ដែលបានចូលរួមយ៉ាងសកម្ម​ក្នុងការ​ពិភាក្សា និងរកឃើញបញ្ហាប្រឈមនានាតាមរយៈ​ប្រព័ន្ធ​ឌីជីថល (Google Form) ដើម្បីដាក់ចេញជាដំណោះ​ស្រាយសម្រាប់ឆ្នាំបន្ទាប់។

លោកជំទាវបណ្ឌិត បានពាំនាំនូវព្រះរាជ​សវនីយ៍​សាក​សួរ​សុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដោយបានគូស​បញ្ជាក់​ពីស្មារតីទទួលខុសត្រូវខ្ពស់ក្រោមទិសស្លោក «កាកបាទ​ក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិន​ទុកនរណាម្នាក់ចោល»។

ដើម្បីធានាបាននូវនិរន្តរភាព និងទំនុកចិត្ត​ពីសាធារណ​ជន លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានដាក់​ចេញ​នូវ អនុសាសន៍ទាំង ៨ចំណុច រួមមាន៖ ១. ការ​បញ្ចប់​ការវិភាគយុទ្ធសាស្ត្រ៖ ត្រូវបន្តដំណើរការពិនិត្យ​ពាក់កណ្តាលអាណត្តិ ដើម្បីចងក្រងជាមូលដ្ឋានគ្រឹះ​សម្រាប់​កសាងផែនការអភិវឌ្ឍឆ្នាំ២០២៦-២០៣០។ ២. ការពង្រឹងផែនការអភិវឌ្ឍ៖ ត្រូវបន្ស៊ីផែនការថ្មីទៅ​នឹងវិស័យអាទិភាពទាំង ៤ នៃយុទ្ធសាស្ត្រ ២០២១​-​២០៣០ ដោយផ្តោតលើនិរន្តរភាព និងមានប្រព័ន្ធតាម​ដានវាយតម្លៃ (PMER) ច្បាស់លាស់។ ៣. ការកសាង​ភាព​ធន់​សហគមន៍៖ សាខាត្រូវអនុវត្តសកម្មភាពដែល​ស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការសង្គ្រោះបឋម, ការត្រៀមបង្ការ​គ្រោះ​មហន្តរាយ, ការអប់រំសុខភាព, បរិស្ថាន និងការទប់​ស្កា​ត់​​គ្រឿងញៀន ព្រមទាំងពង្រឹងសមត្ថភាពយុវជន។ ៤. ស្តង់ដារផែនការ៖ សាខាទាំងអស់ត្រូវកសាងផែនការ​អប្បបរ​មាតាមគំរូស្តង់ដាររបស់ថ្នាក់កណ្តាល ដើម្បីឱ្យ​ការអនុវត្តមានភាព ព្រមៗគ្នា។ ៥. បរិវត្តកម្មឌីជីថល៖ ត្រូវដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងផែនការអភិវឌ្ឍ ២០២៦-២០៣០ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ភាពរហ័ស និងតម្លាភាព ដែលជាកត្តាជំរុញទំនុកចិត្តពី​មជ្ឈដ្ឋាន​ខាងក្រៅ។ ៦. វប្បធម៌នៃការរៀនសូត្រ៖ ជំរុញ​ការផ្លាស់ប្តូរបទពិសោធន៍រវាងសាខានិងសាខា និង​ពង្រឹ​ង​ការអនុវត្តគម្រោងជាក់លាក់។ ៧. អភិបាលកិច្ចល្អ៖ ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើសវនកម្ម ការចុះ​បញ្ជី​សារពើភ័ណ្ឌ និងការបណ្តុះបណ្តាលមន្ត្រីថ្មីៗ។ ៨. កិច្ចសហប្រតិបត្តិការ៖ រក្សាទំនាក់ទំនងល្អជាមួយ​អាជ្ញា​ធរ សប្បុរសជន និងផ្តល់អាទិភាពដល់ជនងាយរង​គ្រោះ​បំផុត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសង្កត់ធ្ងន់ថា ភាព​ជោគ​ជ័យរបស់កាកបាទក្រហមកម្ពុជា អាស្រ័យ​លើ​កត្តា​ធំៗពីរ គឺការគាំទ្រពីសប្បុរសជន និង​ឆន្ទៈ​ដ៏​មោះ​មុត​របស់អ្នកប្រតិបត្តិករជួរមុខ។ លោក​ជំទាវមានជំនឿ​ថា តាមរយៈការអនុវត្តតាមអនុសាសន៍ទាំងនេះ ការងារ​មនុស្សធម៌របស់កាកបាទក្រហមកម្ពុជានឹងកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើងជាលំដាប់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner