ឯកឧត្តម សូ វិសុទ្ធី ៖ បរិវត្តកម្មឌីជីថល ជារបត់ដែលយើងត្រូវប្រកាន់យក
(ខេត្តព្រៃវែង)៖ បរិវត្តកម្មឌីជីថល មិនមែនជាជម្រើសទៀតទេ ប៉ុន្តែគឺជារបត់ដែលយើងត្រូវប្រកាន់យក ដើម្បីធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ វិស័យអប់រំ ធុរកិច្ច និងវិស័យអាទិភាពផ្សេងៗ ប្រកបដោយប្រសិទ្ធភាព។ ដើម្បីរត់ឱ្យទាន់បរិវត្តកម្មឌីជីថលនេះ យើងត្រូវពង្រឹងសមត្ថភាពលើជំនាញឌីជីថលឱ្យបានល្អប្រសើរជាងមុន ជាពិសេសការអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល រដ្ឋាភិបាលឌីជីថល និងចូលរួមជំរុញពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា។

នេះជាប្រសាសន៍ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center) នៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារ ក.ប.ទ. សាកលវិទ្យាធិការ និងសាស្រ្តាចារ្យ ព្រមទាំងសិស្សនិស្សិត ប្រមាណ ២០០នាក់។

មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center) គឺជាសមិទ្ធផលមួយនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យតាមបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ឹនធឺណិត ជាមួយសាកលវិទ្យាល័យជាតិជាស៊ឹមកំចាយមារ (ស.ជ.ជ.ក.) នៅខែឧសភា ឆ្នាំ២០២៣ រវាង ក.ប.ទ. និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដើម្បីលើកកម្ពស់និងចូលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ភាពងាយស្រួលក្នុងការស្រាវជ្រាវ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ៕
ដោយ ៖ ង៉ាន់ ទិត្យ



