លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយមេធំវេណេស៊ុយអេឡា

បរទេស ៖ មេដឹកនាំអាមេរិក លោក ត្រាំ និង លោក ម៉ាឌូរ៉ូ ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា បានជួបសន្ទនាតាមទូរស័ព្ទជាមួយគ្នាដោយសម្ងាត់ នេះបើតាមកាសែតអាមេរិក និងចេញផ្សាយបន្ត ដោយសារព័ត៌មានរុស្ស៊ី នៅថ្ងៃសៅរ៍នេះ។

សារព័ត៌មានអាមេរិក New York Times បានរាយការណ៍ កាលពីថ្ងៃសុក្រ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ ជាមួយលោក Nicolas Maduro តាំងពីចុងសប្តាហ៍មុន។ ជាការពិភាក្សា ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ។ លោក Trump បានចោទប្រកាន់ លោក Maduro ថា បានដឹកនាំក្រុម Cartel de los Soles ដែលសហរដ្ឋអាមេរិកបានកំណត់ថា ជាក្រុមភេរវករ។ ប៉ុន្តែ ក្រសួងការបរទេសវ៉េណេស៊ុយអេឡាបានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា គឺជាការភូតកុហក គួរឱ្យអស់សំណើច។

យោងតាមកាសែតនេះ, ការជជែកគ្នាដោយសម្ងាត់ដូច្នេះ អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោក Trump ដើម្បីរួមបញ្ចូលគ្នា នូវការគំរាមកំហែងផង និង ការចរចាផង ស្របពេលដែលគ្មាពេលវេលាជាក់លាក់នៃផែនការជួបគ្នាដោយផ្ទាល់។

យោងតាមសារព័ត៌មានរុស្ស៊ី RT ចេញផ្សាយ នាថ្ងៃសៅរ៍នេះ, ចាប់តាំងពីខែកញ្ញាមក សហរដ្ឋអាមេរិកបានបំផ្លាញនាវារត់ពន្ធគ្រឿងញៀន ជាង២០គ្រឿង នៅក្នុងដែនទឹកអន្តរជាតិ នៃ សមុទ្រការ៉ាប៊ីន។

លោក Trump បានណែនាំ ថ្មីៗនេះ ថា អាមេរិកអាចនឹងបន្តវាយប្រហារលើគោលដៅនានា បន្ថែមទៀត ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលអាចនឹងកម្ទេចតាមដីគោកវិញម្តង ក្នុងពេលឆាប់ៗនេះ។ ជាការឆ្លើយតប លោក Maduro បានដាក់កងទ័ព ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបានចាប់ផ្តើមធ្វើសមយុទ្ធជាច្រើន៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner