ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ប្រឡងចូលជាមន្រ្តីរាជការស៊ីវិល អស់តែ ២ម៉ឺនរៀល ផ្អែកលើសមត្ថភាពខ្លួនឯង
(ភ្នំពេញ)៖ ដូចខ្ញុំបានបញ្ជាក់ អ្វីដែលជាការរៀបចំ កែលំអរប្រព័ន្ធជ្រើសរើសមន្រ្តីរាជការស៊ីវិល នៅពេលបច្ចុប្បន្ននេះ គឺមានការទទួលស្គាល់ពីបេក្ខជន ពីអាណាព្យាបាលនៃបេក្ខជន និងមហាជន ប្រជាជនទូទៅតែម្តង ដោយទទួលស្គាល់ថា មិនចាំបាច់មានខ្សែ មិនចាំបាច់មានការអន្តរាគមន៍ តែអស់តែ២ម៉ីនរៀល និងផ្អែកទៅលើអ្វីដែលជាសមត្ថភាពខ្លួនឯង អ្នកណាក៏អាចក្លាយជាមន្ត្រីក្របខ័ណ្ឌ ឬក៏ មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារបានដែរ។ ហើយពាក់ព័ន្ធនឹងការធ្វើជំរឿន បេសកម្មរបស់យើង បើសិនជាយើងមានទិន្នន័យមួយដែលច្បាស់លាស់មានការឯកភាពគ្នា ហើយប្រើប្រាស់ជារួម គឺជាការចូលរួមចំណែកជួយរាជរដ្ឋាភិបាលច្រើនណាស់ ដោយសារចេញពីទិន្នន័យមួយដែលច្បាស់លាស់ គឺយើងអាចរៀបចំផែនការទាំង ការបណ្តុះបណ្តាល ទាំងការជ្រើសរើសមន្រ្តី ការបំពេញបន្ថែមទៀត នេះជាការងារដែលយើងត្រូវអនុវត្តបន្តទៀត។

ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងពិនិត្យទៅលើសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនារសៀលនេះ ជារបៀបរបបប្រជុំប្រចាំខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងគោលបំណង ពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានា សម្រាប់អនុវត្តការងារបន្ត ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈដោយផ្ទាល់ និងថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈទូទាំងប្រទេស តាមប្រព័ន្ធប្រជុំអនឡាញ។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីការគិតគូរអំពី ការងារបន្តទៅមុខ នៅក្នុងការរៀបចំការគ្រប់គ្រងជ្រើសរើស មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ។

ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងអំពីការធ្វើជំរឿន ក៏បានសុំគោលការរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ពាក់ព័ន្ធនឹងដំណើរការនៃការអនុវត្តចុះធ្វើជំរឿន បន្ទាប់ពីបានជួបប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។ ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំឱ្យយើងចាប់ផ្តើមអនុវត្ត ខណ្ឌដូនពេញ និងចតុមុខ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា និងប្រកាសដំណើរការនៃការចុះធ្វើជំរឿនជាក់ស្តែងនៅ ខណ្ឌដូនពេញ និងអញ្ជើញប្រធានបមន្ទីរអប់រំ រួមទាំងការិយាល័យស្រុកទាំងអស់ប្រជុំ ស្តាប់ពីកិច្ចការងារដែលត្រូវអនុវត្តបន្តទៀត។

តាមរយៈការពិភាក្សានិងស្តាប់របាយការប្រចាំខែ និងលើកទិសដៅសម្រាប់ខែធ្នូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានណែនាំជាគោលការណ៍បន្ថែមទៀត ជាការគិតគូរនិងអនុវត្តកិច្ចការងារបន្តពាក់ព័ន្ធ និងការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង និងបទពិសោធន៍ នៃការជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍ ដើម្បីជាការណែនាំ និងឆ្ពោះទៅដល់ខែធ្នូ ពាក់ព័ន្ធនឹងការត្រៀម ជ្រើសរើសមន្រ្តីក្រមការជំនាន់ទី១២ ផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ

