ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមសន្និសីទស្តីពី ការអភិវឌ្ឍទូរគមនាគមន៍ពិភពលោម នៅ អាស៊ែបៃហ្សង់
(អាស៊ែបៃហ្សង់)៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៧ – ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពីការអភិវឌ្ឍទូរគមនាគមន៍ពិភពលោក (The World Telecommunication Development Conference 2025 – WTDC-25) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

សន្និសីទ WTDC ត្រូវបានរៀបចំឡើងរៀងរាល់បួនឆ្នាំម្តង ដើម្បីកំណត់អាទិភាពការងារលើការអភិវឌ្ឍវិស័យទូរគមនាគមន៍របស់ ITU និងអនុម័តគម្រោងអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ ព្រមទាំងអនុម័តសេចក្តីសម្រេច(ITU-D Resolution) ដែលបានផ្តល់ដំណោះស្រាយនានាឆ្លើយតបនឹងបញ្ហាប្រឈម ដែលត្រូវបានសិក្សានិងស្នើដោយក្រុមការងារសិក្សារបស់សហភាពទូរគមនាគមន៍អន្តរជាតិ ( ITU-D Study Group) ។

សម្រាប់សន្និសីទ WTDC នៅឆ្នាំ២០២៥ នេះត្រូវបានរៀបចំឡើងក្រោមមូលបទ “Universal, meaningful, and affordable connectivity for an inclusive and sustainable digital future” ដោយផ្តោតលើការជម្រុញការតភ្ជាប់ឌីជីថលជាសកលធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមិនថាស្ថិតនៅទីតាំងណា ឬមានស្ថានភាពរស់នៅបែបណាក៏ដោយ ក៏អាចទទួលបាននិងប្រើប្រាស់សេវាទូរគមនាគមន៍ និងអ៊ិនធឺណិតដែលមានគុណភាពល្អ សុវត្ថិភាព តម្លៃសមរម្យ និងមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពេញលេញពីការធ្វើបរិវត្តកម្មឌីជីថល (Digital transformation)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ក៏បានឡើងថ្លែងសុន្ទរកថា នៅក្នុងវគ្គ High Level Segment ដែលជាវគ្គដែលមានរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន ទទួលបន្ទុកវិស័យទូរគមនាគមន៍ និង ឌីជីថលនៃរដ្ឋសមាជិកចូលរួម។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញអំពីសមិទ្ធផលដែលសម្រេចបានរបស់កម្ពុជា និងការបេ្តជ្ញាចិត្តរបស់កម្ពុជានៅក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍។

បន្ថែមលើនេះ គណៈប្រតិភូ ក.ប.ទ. បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវ Doreen Bogdan-Martin អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងលោកបណ្ឌិត Cosmas Luckyson Zavazava ប្រធានការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ (Telecommunication Development Bureau – BDT) នៃ ITU និងបានជួបពិភាក្សាទ្វេភាគីក្រៅផ្លូវការជាមួយគណៈប្រតិភូនៃប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទូរគមនាគមន៍និងឌីជីថលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ គណៈប្រតិភូ ក.ប.ទ. ក៏បានជួបប្រជុំពិភាក្សាការងារកម្រិតបច្ចេកទេសជាមួយអ្នកជំនាញរបស់ ITU ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍លើការរៀបចំប្រព័ន្ធផ្តល់សញ្ញាប្រកាសអាសន្នជាមុន (Early Warning System) តាមរយៈសារខ្លីដែលផ្សាយចេញពីស្ថានីយអង់តែនទូរសព្ទចល័ត (Cell Broadcast)៕
ដោយ ៖ ង៉ាន់ ទិត្យ

