សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់​ផ្ទះ​មួយខ្នងដល់គ្រួសារយុទ្ធជនពលីនៅស្រុកឆ្លូង

(ក្រចេះ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ​បណ្ឌិ​ត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានការសណ្ដោស​អាណិត និងផ្ដល់ផ្ទះមួយខ្នង ទៅដល់គ្រួសារយុទ្ធជន​ពលី ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកង​ទ័ពកម្ពុជា និងកងទ័ពថៃ  រួមទាំងផ្ដល់នូវគ្រឿង​ឧបភោគ​បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
 
ក្នុងឱកាសអញ្ជើញផ្ដល់ផ្ទះដល់គ្រួសារយុទ្ធជនពលី ស្ថិត​ក្នុងភូមិព្រែកបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្ត​ក្រចេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ​បណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែង​តែយកចិត្តដាក់ ចំពោះគ្រួសារយុទ្ធពលី មិនបានបោះ​បង់អ្នកណាម្នាក់ឲ្យនៅឯកោ បើទោះបីជាគ្រួសារ​របស់​ពួកគេ បានពលីទៅហើយនោះ ។
 
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកទឹកចិត្ត​ដល់​ស្ត្រីកូន ៤នាក់ ដែលទទួលបានផ្ទះមួយខ្នងនេះ ត្រូវ​ពង្រឹង​កម្លាំងចិត្ត ដើម្បីបន្តចិញ្ចឹមមើលថែកូនៗ ឲ្យបាន​រៀនសូត្រចប់ចុងចប់ដើម ពីព្រោះរាជរដ្ឋាភិបាល និងប្រ​ជា​ពល​រដ្ឋខ្មែរគ្រប់ទិសទី នៅឈរជ្រោមជ្រែង និងផ្ដល់​កម្លាំងចិត្ត ជាមួយនឹងការផ្ដល់ឱកាសអាហារូបករណ៍​ដល់​កូនៗរបស់យុទ្ធជនពលី ដោយធ្វើយ៉ាងណា ឲ្យពួក​គេរៀនចប់ ហើយមានការងារធ្វើសមរម្យ ។
 
ជាមួយនេះ លោកជំទាវបណ្ឌិត បានជំរុញ​ដល់ស្ត្រី​ដែល​ជា​គ្រួសារ​យុទ្ធជនពលី អាចទៅសិក្សាជំនាញវិជ្ជាជីវៈ ហើយក៏ជំរុញទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាល​ខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ជួយសម្របសម្រួល​រូប​គាត់ឲ្យមានការងារធ្វើ ឬបានសិក្សាជំនាញ ដើម្បីអាច​ចិញ្ចឹមជីវិតបាន មួយវិញទៀត ក៏បន្តចុះសួរសុខទុក្ខ និងគិតគូរពីបញ្ហាសុខភាពរបស់ពួកគេ ឲ្យបានជាប់​ជាប្រចាំ ។
 
ក្នុងឱកាសទទួលបានអំណោយផ្ទះពីសម្ដេចធិបតី និង​លោកជំទាវបណ្ឌិត អ្នកស្រី ពេញ លីណា ភរិយាយុទ្ធ​​ជន​ពលីឈ្មោះ ប្រាក់ ពិសិដ្ឋ បានឲ្យដឹងថា ខ្លួនគឺមាន​ការសោកស្ដាយ ចំពោះការបាត់បង់ប្តី ប៉ុន្តែក៏មាន​មោទ​នភាពចំពោះរូបគាត់ ដែលបានលះបង់អាយុជីវិត ក្នុង​ការការពារទឹកដីកុំមានការបាត់បង់ ។

ស្ត្រីមេម៉ាយកូន៤នាក់រូបនេះ ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះសម្ដេចធិបតី និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្ដល់ផ្ទះ​មួយខ្នងនេះ ដែលជាជម្រកដ៏ចាំបាច់ ហើយអរគុណ​ដល់​សប្បុរសជននានា ដែលបានផ្ដល់អំណោយ និង​ជ្រោមជ្រែងគ្រួសារគាត់ ហើយនឹងតស៊ូខិតខំចិញ្ចឹមបី​បាច់​កូនៗ ដើម្បីឲ្យពួកគេបានរៀនសូត្រចប់ និងមាន​ការ​ងារល្អធ្វើ ។

គួរបញ្ជាក់ថា ជាហូរហែរសម្ដេចធិបតី ហ៊ុន ម៉ាណែត និង​​លោកជំទាវបណ្ឌិត តែងតែគិតគូរជាប្រចាំ ចំពោះ​គ្រួសារអតីតយុទ្ធជន និវត្តជន រួមទាំងគ្រួសារយុទ្ធជន​ពលីថ្មីៗ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះ​មាន​ដូចជាការផ្ដល់ផ្ទះ គ្រឿងឧបភោគបរិភោគ ការ​ជួយសម្របសម្រួបផ្ដល់ការងារ និងការផ្ដល់អាហា​រូប​ករណ៍​ដល់កូនៗរបស់ពួកគេ បានសិក្សារៀន​សូត្រ​បន្ត​ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner