លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនៅ​ស្រុកឆ្លូង ខេត្តក្រចេះ

(ក្រចេះ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ា​ណែ​ត អនុប្រធានក្រុមប្រឹក្សាភិបាល នៃ សមាគមគ្រូពេទ្យ​ស្ម័គ្រ​ចិត្តសម្ដេចតេជោ (TYDA) អញ្ជើញដឹក​នាំក្រុម​គ្រូ​ពេទ្យ TYDA ចុះពិនិត្យ និង​ព្យាបាលជំងឺជូនប្រជាពល​រដ្ឋ​ដោយឥតគិតថ្លៃ នៅ​ភូមិព្រែកសាម៉ាន់ ឃុំព្រែកសា​ម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺនៅព្រឹកថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍​ថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រ​ជា​ពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោ​បាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវា​សុ​ខាភិបាល រួមមានការបង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក ប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ជូនប្រជាពលរដ្ឋឲ្យ​កាន់​តែជិត ក្នុងការពិនិត្យ និងព្យាបាលជំងឺ ហើយក៏បាន​កាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ត​ថា មួយវិញទៀត កិច្ចគាំពារសុខមាលភាពសង្គម គឺ​ជា​ការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់​រាជរដ្ឋា​ភិ​បាល ដូចនេះហើយទើប សម្ដេចតេជោ ហ៊ុន សែន ប្រ​ធាន​ព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់​ពេ​ទ្យ TYDA ចូលរួមក្នុងការងារលើកកម្ពស់សុខភាព​របស់​ប្រជាពលរដ្ឋ ។

ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវប្រជា​ពល​​រដ្ឋ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការ​ហាត់​ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការ​បរិ​ភោគកុំប្រៃពេក ផ្អែមពេក និងកាត់បន្ថយអាហារដែល​សម្បូរទៅដោយជាតិខ្លាញ់។

ក្នុងពេលទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃពី TYDA ប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាព​របស់ TYDA គឺពិតជាបានជួយលើកកម្ពស់សុខភាព និង​​សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសនៅ​តំបន់​ជនបទ ព្រោះការពិនិត្យ និងព្យាបាលជំងឺ រួមទាំងផ្ដល់​ថ្នាំលេប ដោយមិនយកប្រាក់កម្រៃ ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលត្រូវទៅ​ទទួល​សេវា​សុខាភិបាល មានការពិនិត្យ និងការព្យាបាលជំងឺ​ពីសំ​ណា​ក់ គ្រូពេទ្យ TYDA មានប្រមាណជាង ៣ពាន់នាក់ ហើយ​សូមថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ហើយ​បានបញ្ជូនពេទ្យ TYDA ចុះព្យាបាលជំងឺដល់ពលរដ្ឋ នៅ​តាមមូលដ្ឋានផ្ទាល់។

គួរបញ្ជាក់ថា សម្រាប់ប្រភេទជំងឺ ដែលក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្តសម្ដេចតេជោ សរុបជាង ៣៤០នាក់ ចុះជួយ​ពិនិត្យ និងព្យាបាលជំងឺពលរដ្ឋនោះ រួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក ច្រមុះ បពង់ក ជំងឺភ្នែក ជំងឺរោគ​ស្រ្តី អេកូសាស្ត្រ វះកាត់តូច ជំងឺបេះដូង ជំងឺសើស្បែក ជំងឺឬសដូងបាត ជំងឺសន្លាក់ មន្ទីរពិសោធន៍ ថតកាំរស្មី និងផ្នែកកុមារ ដែលមានការពិនិត្យជំងឺសរុបចំនួនជាង ៤ ៦០០ករណី ខណៈអ្នកជំងឺចំនួន ៤២នាក់ ត្រូវបាន​បញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការ​ជួ​យ​ផ្គត់ផ្គង់ ពីសំណាក់សម្ដេចធិបតី និងលោកជំទាវ ទាំង​ការព្យាបាល និងហូបចុកស្នាក់នៅដោយឥតគិតថ្លៃ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner