អគ្គនាយកស៊ីម៉ាក់លើកជាសំណួរថា “ថៃតែងតែជាន់មីនថ្មី ហេតុអ្វីចិនជាន់មីនចាស់”?
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ បានធ្វើការកត់សម្គាល់លើករណីជនជាតិចិនម្នាក់ជាន់មីន នាទៀបភ្លឺថ្ងៃទី២៩ ខែធ្នូ ក្បែរបង្គោលសីមាលេខ៤៨ ដោយលើសំណួរថា “ថៃតែងតែជាន់មីនថ្មី ហេតុអ្វីចិនជាន់មីនចាស់”?។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរយ៉ាងដូច្នេះថា បញ្ហាផ្ទុះគ្រាប់មីនប្រឆាំងមនុស្សរបួសដាច់ជើងម្ខាង និងរងរបួសដៃព្រមទាំងផ្ទៃមុខ ជនជាតិចិនម្នាក់ភេទប្រុស វេលាម៉ោងប្រមាណ៣:២០នាទីព្រឹកទៀបភ្លឺ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិសាស្រ្តចម្ការមីនកម្ពុជាលេខBS:22575 ក្បែរបង្គោលសីមាលេខ៤៨ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយឧបទ្ទវហេតុគ្រោះថ្នាក់ផ្ទុះមីន ជនជាតិចិនម្នាក់នេះភ្លាម ខាងភាគីថៃបានបំពងសំឡេងវាយប្រហារលាបពណ៌កម្ពុជាថា ជនជាតិចិនលួចឆ្លងដែនពីកម្ពុជាទៅថៃ និងជាពិសេសចោទប្រកាន់ថា កម្ពុជាមិនសហការដោះមីនតាមបណ្តោយព្រំដែនជាដើម…។
ឯកឧត្តម ហេង រតនា បានពន្លិចនូវចំណុចពិចារណាមួយចំនួនដោយលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់នេះ ធ្វើឱ្យមនុស្សម្នាទាំងឡាយនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា ដែលមានឯកសារខ្លះបានបញ្ជាក់ថា មានចំនួនប្រមាណជាង៤៣.០០០នាក់ មានទាំងទារក ក្មេងចាស់ប្រុសស្រី យកមកចាក់ចោលនៅតំបន់ភ្នំខ្មោច ដោយបង្ខំឱ្យដើរឆ្លងកាត់ចម្ការមីនមកកម្ពុជាវិញ បណ្តាលឱ្យជាន់គ្រាប់មីនរបួស និងស្លាប់យ៉ាងច្រើន។ ឯកឧត្តមសង្កត់ធ្ងន់ថា អ្នកខ្លះមានចម្ងល់ថា “ថៃតែងតែជាន់មីនថ្មី ហេតុអ្វីចិនជាន់មីនចាស់”? នេះជារឿងរ៉ាវប្រវត្តិសាស្ត្រត្រូវតែរំលឹកចងចាំ និងមិនអាចបំភ្លេចបាន។
ការសំយោគលើហេតុការណ៍កើតឡើងខាងលើ អគ្គនាយកស៊ីម៉ាក់បង្ហាញភស្តុតាងថា សុំបញ្ជាក់តំបន់នេះ ជាចម្ការមីនចាស់របស់កម្ពុជាសំណល់សង្គ្រាម ដោយមានភស្តុតាងច្បាស់លាស់ទាំងប្រភេទគ្រាប់មីន ភូមិសាស្ត្រមានទំនប់ជីក មានលេណដ្ឋានកងទ័ពមានរបងបន្លាលួសចាស់ និងជាព្រៃក្រាស់។ ការដាក់គ្រាប់មីនបានកើតឡើងតាំងពីក្នុងពាក់កណ្តាលទសវត្សរ៍១៩៨០ដល់ដើមទសវត្សរ៍១៩៩០។
ដោយឡែកនៅថ្ងៃទី៣០ ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិក្រៅបដិសេធការចោទប្រកាន់ដោយភាគីលើបញ្ហាគ្រាប់មីន ក៏នៅបានបញ្ជាក់ថា ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថា ជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះ ត្រូវបានក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។ ជារឿយៗនៅពេលមានករណីផ្ទុះគ្រាប់មីន ភាគីថៃតែងតែប្រកាសភ្លាមៗចោទប្រកាន់មកលើកម្ពុជា ដោយទាំងពុំទាន់បានធ្វើការអង្កេតដោយត្រឹមត្រូវនិងយុត្តិធម៌ផង៕
ដោយ៖ពលជ័យ

