វគ្គបណ្ដុះបណ្ដាលស្តីពី « ក្រុមខៀវ៖ ការពង្រឹងសមត្ថភាពយន្តការឆ្លើយតបបន្ទាន់សម្រាប់ស្ថាប័នរដ្ឋាភិបាល និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ » បានបិទបញ្ចប់
ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលស្ដីពី « ក្រុមខៀវ៖ ការពង្រឹងសមត្ថភាពយន្តការឆ្លើយតបបន្ទាន់សម្រាប់ស្ថាប័នរដ្ឋាភិបាល និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ » ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅសណ្ឋាគារសាន់ & ម៉ូន រីវើសាយ រាជធានីភ្នំពេញ ។

វគ្គបណ្ដុះបណ្ដាលដែលមានមន្ត្រីជំនាញមកពីបណ្ដាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋប្រមាណ ៤០រូបចូលរួមនេះមានគោលបំណងលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងការវាយប្រហារសាយប័រ ឧប្បត្តិហេតុសាយប័រ និងការថែទាំប្រព័ន្ធបណ្តាញព័ត៌មានឱ្យដំណើរការបានដោយរលូនដោយផ្ដល់ឱកាសឱ្យសិក្ខាកាមធ្វើការងារជាក្រុមដើម្បីត្រួតពិនិត្យប្រព័ន្ធលំហាត់សម ស្វែងរកឧប្បត្តិហេតុសាយប័រ កត់ត្រា ប្រមូលព័ត៌មាន វិភាគ និងវាយតម្លៃ ដើម្បីចងក្រងជារបាយការណ៍ដែលជំនាញទាំងនេះជាជំនាញចាំបាច់សម្រាប់ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ។

វគ្គបណ្ដុះបណ្ដាលនេះដែរ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជាដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕
វគ្គរៀបចំឡើងពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕
ដោយ៖ង៉ាន់ ទិត្យ



