មេធំអ៊ីស្រាអែលស្នើសុំរួចខ្លួន ក្នុងរឿងក្តីពុករលួយ កុំឲ្យបែកបាក់ជាតិ

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានស្នើសុំឲ្យរូបលោករួចទោស នៅក្នុងដំណើរការកាត់ទោស ពីបទប្រព្រឹត្តអំពើពុករលួយ ដើម្បីកុំឲ្យប្រទេសជាតិ មានការបែកបាក់។

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទពុករលួយ បានប្រកាស កាលពីថ្ងៃអាទិត្យថា លោកបានដាក់សំណើលើកលែងទោស ដោយនិយាយថា ករណីដែលអូសបន្លាយជាយូរមកហើយនេះ កំពុងធ្វើឱ្យប្រទេស បែកបាក់។

លោក Netanyahu បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា «ការកាត់ទោស ក្នុងករណីរបស់ខ្ញុំ បានបន្តអស់រយៈពេលជិត៦ឆ្នាំហើយ ដែលអាចនឹងបន្តរយៈពេលជាច្រើនឆ្នាំទៀត»។ លោកពន្យល់ថា លោកចង់ឃើញដំណើរការ រហូតដល់ការដោះលែង ប៉ុន្តែ សន្តិសុខ និង ការពិតនយោបាយ ផលប្រយោជន៍ជាតិ ជារឿងកំណត់សំខាន់»។ លោកបានបន្ថែមថា «ការបន្តការជំនុំជម្រះ គឺកំពុងហែកយើង ដាច់ពីខាងក្នុង និង ជំរុញឲ្យមានការបែកបាក់គ្នាយ៉ាងខ្លាំង ព្រមទាំង បង្កើនការប្រេះឆា កាន់តែខ្លាំង»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងភរិយា លោកស្រី Sara ត្រូវបានចោទប្រកាន់ ពីបទទទួលយកទំនិញប្រណីតៗ តម្លៃជាង២៦ម៉ឺនដុល្លារ ដូចជា ស៊ីហ្គា, គ្រឿងអលង្ការ និងស្រាសំប៉ាញ ពីមហាសេដ្ឋី ជាថ្នូរនឹងការពេញចិត្តផ្នែកនយោបាយ។

លោក Netanyahu ក៏ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង ប្រើឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ២ករណីផ្សេងទៀត ផងដែរ។

កាលពីដើមខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បានសរសេរលិខិត ផ្ញើទៅកាន់ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ដោយសុំឱ្យមានការលើកលែងទោស ដល់លោក Netanyahu ផងដែរ ប៉ុន្តែ សំណើនេះ ត្រូវបានបដិសេធ ម្តងហើយម្តងទៀត ដោយអះអាងថា ជាការធ្វើខុស នៅក្នុងដំណើរការនីតិវិធី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner