លោក ត្រាំ បារម្ភពីរឿងអាស្រូវពុករលួយអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងពីការព្រួយបារម្ភថា រឿងអាស្រូវពុករលួយអ៊ុយក្រែន ‘មិនមានប្រយោជន៍’ ចំពេលមានកិច្ចពិភាក្សា ដើម្បីបញ្ចប់សង្គ្រាម។
លោក ដូណាល់ ត្រាំ បាននិយាយ នៅយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ ថា រឿងអាស្រូវពុករលួយដែលរីករាលដាល នាពេលបច្ចុប្បន្ននេះ កំពុងកក្រើករង្វង់នយោបាយអ៊ុយក្រែន «មិនមានប្រយោជន៍» ចំពេលការចរចាដើម្បីបញ្ចប់សង្រ្គាម ជាមួយរុស្ស៊ី ប៉ុន្តែ លោកក៏និយាយផងដែរថា មាន “ឱកាសល្អ” នៃកិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីកិច្ចចរចាចុងក្រោយ នៅរដ្ឋផ្លរីដា។
ការស៊ើបអង្កេតយ៉ាងទូលំទូលាយ លើអំពើពុករលួយ ក្នុងវិស័យថាមពល ដែលបង្ហាញក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ បាននាំឱ្យមានការបណ្តេញលោក Andriy Yermak ដែលជាដៃស្តាំរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។
ជាការបណ្តេញចេញពីតំណែង ចំពេលដែល ទីភ្នាក់ងារនានា ធ្វើការពាក់ព័ន្ធនឹងបញ្ហាពុករលួយនៅអ៊ុយក្រែន បានបង្ហាញការស៊ើបអង្កេត យ៉ាងទូលំទូលាយមួយ ទៅលើគម្រោងថវិកា ១០០លានដុល្លារអាមេរិក នៅឯក្រុមហ៊ុនថាមពលអាតូមិករបស់រដ្ឋ។ ក្នុងនោះ មានការចោទប្រកាន់ថា ជាអំពើពុករលួយ ពាក់ព័ន្ធនឹងអតីតមន្ត្រីជាន់ខ្ពស់ និង អតីតដៃគូអាជីវកម្ម របស់លោក Zelenskyy។
គួរបញ្ជាក់ថា មុនអស់តំណែង, លោក Yermak បានដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ចរចាសន្តិភាព ហើយ លោកគឺជាបុគ្គល ដែលប្រឆាំងនឹងលក្ខខណ្ឌខ្លះៗ ស្នើឡើងដោយសហរដ្ឋអាមេរិក រួមទាំង ការទាមទារទឹកដី តាមការចង់បានរុស្ស៊ី ជាដើម។
លោក Zelenskyy បានអំពាវនាវឱ្យមានការរួបរួម កាន់តែខ្លាំង ហើយចោទថា រុស្ស៊ីចង់ឱ្យអ៊ុយក្រែនសាងកំហុស។ មេដឹកនាំ រូបនេះ ធ្លាប់បានចោទថា រុស្ស៊ីមានពាក់ព័ន្ធនឹងការធ្វើឲ្យកក្រើក ចំពោះបញ្ហាពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត