ព្រះមហាក្សត្រស្តេចយាងចូលរួមកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅប្រទេសបារាំង
កណ្ដាល៖ នាព្រឹកថ្ងៃចន្ទទី១ ខែធ្នូ ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចូលរួមកម្មវិធី នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ (Académie des Sciences d’out ces d’outre-mer និង Réception) នៅទីក្រុងប៉ារីស ប្រទេសបារាំង ។
នៅអាកាសយានដ្ឋានអន្តរជាតមរតកតេជោ ,អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ មានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំកំពូល ឥស្សរជនជាន់ខ្ពស់របស់ជាតិ ព្រះរាជវង្សានុវង្ស ។
យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ព្រះអង្គស្តេចយាងទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមក្នុងកម្មវិធី នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bourdarie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់ នៃទឹកដី នៃបណ្តាប្រទេស និងរដ្ឋ ដែលធ្លាប់បានស្ថិតក្រោមអាណាព្យាបាលបារាំង ។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានឈ្មោះថា បណ្ឌិត្យសភាវិទ្យាសាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះ ជាបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៃប្រទេសឯនាយសមុទ្រ ក្នុងខែមិថុនា ឆ្នាំ១៩៥៧ ។
បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តីស្រឡាញ់» ។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ នៃប្រទេសឯនាយសមុទ្រ មានអាយុកាលជាង ១០០ឆ្នាំ ហើយមានបណ្ណាល័យដែលតម្កល់សៀវភៅជាង ៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រក្លាយជាធនធានឈានមុខគេ សម្រាប់វប្បធម៌ នៃអតីតប្រទេសស្ថិតក្រោមអាណាព្យាបាលនៅឯនាយសមុទ្រ ៕
ដោយ៖ វណ្ណលុក















