វេណេស៊ុយអេឡាចាប់ដៃរុស្ស៊ី និងអ៊ីរ៉ង់ រៀបចំពិព័រណ៍អាកាសចរណ៍ខ្នាតធំ មិនខ្វល់ពីសម្ពាធអាមេរិក

ការ៉ាកាស់ ៖ ការហោះហើរបង្អួតរាងយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងការសម្តែងលោតឆ័ត្រយោងពីលើអាកាស គឺជាផ្នែកមួយនៃពិព័រណ៍អាកាសចរណ៍អន្តរជាតិដ៏ធំ ដែលវេណេស៊ុយអេឡាផ្តួចផ្តើមឡើងជាលើកដំបូងក្នុងពេលប៉ុន្មានឆ្នាំមកនេះ ដោយមានការចូលរួមពីរុស្ស៊ី អ៊ីរ៉ង់ និងបណ្តាប្រទេសមួយចំនួននៅអាមេរិកឡាទីន។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ពិព័រណ៍អាកាសចរណ៍អន្តរជាតិខ្នាតធំរៀបចំឡើងស្របពេលដែលរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធលើមេដឹកនាំកំពូលវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ក្រោមហេតុផលប្រយុទ្ធប្រឆាំងនឹងលំហូរគ្រឿងញៀនចេញពីប្រទេសមួយនេះ។

យោងតាមអ្នករៀបចំ, ពិព័រណ៍នេះបង្កើតឡើងមានគោលបំណងធ្វើឱ្យឧស្សាហកម្មអាកាសចរណ៍វេណេស៊ុយអេឡារស់រានមានជីវិតឡើងវិញ និងទាក់ទាញការវិនិយោគពីបរទេស ខណៈក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិភាគច្រើនផ្អាកជើងហោះហើរមកកាន់ទីក្រុងការ៉ាកាស់ ហើយខ្វះខាតគ្រឿងបន្លាស់យន្តហោះ ដោយសារតែទណ្ឌកម្មពីមុនរបស់អាមេរិក។

បើតាមប្រភពពី CGTN, ពិព័រណ៍នេះមានរយៈពេល៤ថ្ងៃ រៀបចំឡើងនៅឯអតីតមូលដ្ឋានទ័ពអាកាសក្បែរទីក្រុងការ៉ាកាស់។ លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានថ្លែងបើកព្រឹត្តិការណ៍នេះថា ជាភស្តុតាងដែលថា វេណេស៊ុយអេឡានៅតែសកម្មទាក់ទងវិស័យអាកាសចរណ៍ពិភពលោក ទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ។

យោងតាមប្រភពពី AFP, រដ្ឋបាលលោក ត្រាំ កំពុងបង្កើនសម្ពាធជាខ្លាំងលើវេណេស៊ុយអេឡា ជាមួយវត្តមានយោធាទ្រង់ទ្រាយធំនៅតំបន់ការ៉ាប៊ីន។ អាមេរិកលើកហេតុផលថា ការដាក់ពង្រាយយោធានេះ គឺមានបំណងបង្រ្កាបបទល្មើសរត់ពន្ធគ្រឿងញៀន ប៉ុន្តែលោកប្រធានាធិបតី ម៉ាឌូរ៉ូ ចោទថា វាគ្រាន់តែជាលេសប៉ុណ្ណោះ និងថា គោលដៅពិតប្រាកដ គឺការធ្វើអន្តរាគមន៍យោធាទម្លាក់រូបលោកចេញពីអំណាច៕

ប្រភព ៖ CGTN និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner