តួកគីថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែន លើនាវាដឹកប្រេងរុស្ស៊ី នៅសមុទ្រខ្មៅ
អង់ការ៉ា ៖ រដ្ឋាភិបាលប្រទេសតួកគី បានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ទៅលើនាវាដឹកប្រេង “ស្រមោល” របស់រុស្ស៊ី ចំនួន ២គ្រឿង នៅក្នុងសមុទ្រខ្មៅ។ នាវាស្រមោល សំដៅលើកប៉ាល់ ដែលត្រូវបានប្រើប្រាស់ ដើម្បីលួចលាក់ដឹងជញ្ជូន គេចចេញពីទណ្ឌកម្ម របស់លោកខាងលិច។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន AP កាលពីថ្ងៃអាទិត្យ, អ្នកនាំពាក្យក្រសួងការបរទេសតួកគី លោក Oncu Keceli បាននិយាយថា ការវាយប្រហារលើនាវា Kairos និង នាវា Virat បានកើតមានឡើង នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសទួកគី ហើយបានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ ដល់ការធ្វើនាវាចរណ៍, ជីវិត, ទ្រព្យសម្បត្តិ និងសុវត្ថិភាពបរិស្ថាន នៅក្នុងតំបន់។

នៅក្នុងការបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីល្ងាចថ្ងៃសៅរ៍, លោក Keceli បានបន្ថែមថា ប្រទេសតួកគី កំពុងធ្វើកិច្ចពិភាក្សាជាមួយ “ភាគីពាក់ព័ន្ធ” ដើម្បីការពារទប់ស្កាត់ ការរីករាលដាលនៃសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ឆ្លងចូលមកដល់សមុទ្រខ្មៅ និង ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច របស់ប្រទេសតួកគី។

អ៊ុយក្រែនបាននិយាយថា ខ្លួនបានប្រើយន្តហោះគ្មានមនុស្សបើក របស់កងទ័ពជើងទឹក ដើម្បីវាយប្រហារនាវាដឹកប្រេង ជាបន្តបន្ទាប់ នៅឆ្នេរសមុទ្រខ្មៅ របស់តួកគី កាលពីរសៀលថ្ងៃសុក្រ។ តែ បានអះអាងថា សមាជិកនាវិក នៅលើនាវាទាំងពីរគ្រឿង ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព។
មូលដ្ឋានទិន្នន័យ OpenSanctions ដែលតាមដានមនុស្ស ឬ អង្គការពាក់ព័ន្ធនឹងការគេចវេសពីទណ្ឌកម្ម បានពិពណ៌នាអំពីនាវា ទាំងពីរគ្រឿងនេះ ថា
ជាផ្នែកនៃកងនាវា គេចពីទណ្ឌកម្មដែលដាក់លើរុស្ស៊ី បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន កាលពីឆ្នាំ២០២២។
អ៊ុយក្រែនក៏ធ្លាប់បានធ្វើការវាយប្រហារ ដោយជោគជ័យ លើនាវាដឹកជញ្ជូនរបស់រុស្ស៊ី ក្នុងអំឡុងពេលសង្គ្រាម ជាពិសេស ការប្រើយន្តហោះគ្មានមនុស្សបើក វាយកម្ទេចតាមសមុទ្រ ដែលផ្ទុកនូវគ្រឿងផ្ទុះ។
ទោះជាយ៉ាងណាក៏ដោយ បេសកកម្មរបស់អ៊ុយក្រែន កាលពីមុន ត្រូវបានគេចោទថា បានកំណត់ការវាយប្រហារយ៉ាងទូលំទូលាយ លើដែនទឹកនៃសមុទ្រខ្មៅ នាភាគខាងជើង៕
ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត
