ឆ្នាំមុន សង្គ្រាមរកលុយឲ្យក្រុមហ៊ុនផលិតអាវុធធំៗលើលោកជិត ៧០០ ពាន់លានដុល្លារ
ស្តុកខុល ៖ ភ្លើងសង្គ្រាមធំៗដែលបានដុតរោលពិភពលោកកាលពីឆ្នាំមុន បានជួយរកប្រាក់ចំណូលដល់ក្រុមហ៊ុនផលិតអាវុធកំពូលៗចំនួន ១០០ ក្រុមហ៊ុន ឲ្យកើនឡើងដល់កំណត់ត្រាចំនួន ៦៧៩ ពាន់លានដុល្លារ ។ ចំនួននេះកើនឡើងជិត ៦ ភាគរយ បើធៀបនឹងឆ្នាំមុន ។

បើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm, ការកើនឡើងប្រាក់ចំណូលពីការលក់អាវុធទាំងនេះ កើតចេញពីសង្គ្រាមនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន រួមទាំងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងតំបន់ ជាពិសេសការចំណាយក្នុងវិស័យយោធាកាន់តែខ្ពស់ ។
ក្រុមហ៊ុនផលិតអាវុធកំពូលៗទាំងនោះ ភាគច្រើនមានមូលដ្ឋាននៅអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈនៅតំបន់អាស៊ី និងអូសេអានី ហាក់មានសន្ទុះតិចតួចប៉ុណ្ណោះ ដោយសារតែចិនជាអ្នកវ៉ៃផ្ដាច់ចំពោះឧស្សាហកម្មមួយនេះ ។
ក្រុមហ៊ុន Lockheed Martin, Northrop Grumman និង General Dynamics ជាក្រុមហ៊ុនឈានមុខគេ ក្នុងចំណោមក្រុមហ៊ុនចំនួន ៣៩ របស់សហរដ្ឋអាមេរិក ដែលរកប្រាក់ចំណូលពីការលក់អាវុធរួមគ្នាស្ទុះដល់ ៣៣៤ ពាន់លានដុល្លារ កើនឡើង ៣.៨ ភាគរយនៅឆ្នាំ ២០២៤ ។
ចំណែកក្រុមហ៊ុនផលិតអាវុធកំពូលៗចំនួន ២៦ របស់អឺរ៉ុប បានមើលឃើញពីការកើនឡើងប្រាក់ចំណូល ១៣ ភាគរយ ឬស្មើនឹង ១៥១ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ។
ដោយឡែក ក្រុមហ៊ុនផលិតអាវុធធំៗនៅអាស៊ី និងអូសេអានីបានកើនឡើងប្រាក់ចំណូលប្រមាណ ១៣០ ពាន់លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន ក្រោយធ្លាក់ចុះ ១.២ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា
