សិង្ហបុរីនឹងហាមឃាត់សិស្សអនុវិទ្យាល័យប្រើទូរស័ព្ទដៃចាប់ពីឆ្នាំ ២០២៦
សាំងហ្គាពួរ ៖ ចាប់ផ្តើមពីខែមករា ឆ្នាំ ២០២៦តទៅ ប្រទេសសិង្ហបុរីនឹងហាមប្រាមសិស្សអនុវិទ្យាល័យទាំងអស់ ប្រើប្រាស់ទូរស័ព្ទដៃ និងនាឡិកាឆ្លាតវៃនៅពេលចូលរៀន ដែលនេះជាការបន្ថែមការរឹតត្បិតបច្ចុប្បន្ន ដែលហាមឃាត់តែក្នុងម៉ោងសិក្សាប៉ុណ្ណោះ។
ក្រសួងអប់រំសិង្ហបុរីបានប្រកាសពីការរឹតត្បិតនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជាផ្នែកមួយនៃវិធានការពង្រឹងច្បាប់វិន័យនៅតាមសាលាអនុវិទ្យាល័យ ក្នុងគោលបំណងលើកកម្ពស់ទម្លាប់សិស្សឱ្យនៅឆ្ងាយពីកញ្ចក់ទូរស័ព្ទ ដើម្បីមានសុខភាពកាន់តែល្អប្រសើរ។
ស្ថិតក្រោមច្បាប់ថ្មីនេះដែរ ឧបករណ៍អេឡិចត្រូនិចរបស់សិស្ស នឹងត្រូវរក្សាទុកក្នុងកន្លែងទុកដាក់ដែលបានកំណត់ ឬក្នុងថង់ អំឡុងម៉ោងសិក្សានៅក្នុងសាលារៀន។
ទោះបីជាយ៉ាងណា ច្បាប់ថ្មីនេះ នៅតែអនុញ្ញាតឱ្យសាលាអនុវិទ្យាអាចផ្តល់លើកលែង ក្នុងកាលៈទេសៈចាំបាច់តែប៉ុណ្ណោះ នេះបើតាមក្រសួងអប់រំសិង្ហបុរី។
យោងតាមក្រសួងអប់រំសិង្ហបុរី ការសម្លឹងមើលកញ្ចក់ទូរស័ព្ទយូរ ក្នុងចំណោមសិស្ស អាចបង្កផលប៉ះពាល់ធំៗមួយចំនួន មានដូចជាការគេង ចលនារូបរាងកាយ និងទំនាក់ទំនងសង្គមជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ពិសេសធ្វើឱ្យសុខភាពជារួមចុះខ្សោយ មិនថាកម្លាំង ឬការចងចាំ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
