រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍ជាអាទិភាពខ្ពស់

កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងថា រាជរដ្ឋាភិបាលនៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ជាអាទិភាពខ្ពស់ ដូចមានចែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីធានាថា ប្រទេសកម្ពុជាគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍, ប្រជាជនកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាលភាព គ្មានការភ័យខ្លាចដោយសារជំងឺអេដស៍ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្តី អៀង មូលី ដែលបានធ្វើឱ្យសម្រេចនូវសមិទ្ធផលធំៗជាច្រើនក្នុងការកាត់បន្ថយការរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាក្នុងឆ្នាំ២០២៥នេះ ។

កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវ ដែលនឹងឈានទៅសម្រេចបាននូវកម្មវត្ថុកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល គឺ៖
១. កាត់បន្ថយការឆ្លងថ្មី នៃមេរោគអេដស៍ឱ្យបានតិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ,
២. កាត់បន្ថយការស្លាប់ដោយសារអេដស៍ឱ្យបានតិចជាង២០០នាក់/ឆ្នាំ និង
៣. លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។

ក្នុងនាមសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពាវនាវដល់អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិលនានា វិស័យសាសនា វិស័យឯកជន សិល្បករ ពិធីករ កីឡាករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់នូវការរីករាលដាលមេរោគអេដស៍ និងជំងឺ អេដស៍នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា បន្តគាំទ្រជាបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner