ខេត្តព្រះសីហនុរៀបចំការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

សីហនុ៖ ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិលើកទី១ ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ បានដំណើរការប្រកួតផ្លូវការហើយ នាព្រឹកថ្ងៃទី០២ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីសរុបចំនួន២៤៨នាក់ មកពី១៤សមាគម ក្លឹបទូទាំងប្រទេស។

ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ការប្រកួតរយៈពេល៣ថ្ងៃនេះ នឹងក្លាយជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋ និងយុវជននៅក្នុងខេត្តព្រះសីហនុ ឱ្យចូលរួមលេងកីឡា ដែលនាំមកនូវសុខភាពល្អ ជៀសយកពេលវេលាទៅប្រព្រឹត្តិអំពើខុសច្បាប់ ឬអំពើអបាយមុខផ្សេងៗ។

ឯកឧត្តមលើកទឹកចិត្តឲ្យយុវជនប្រែក្លាយខ្លួនជាធនធានដ៏ចាំបាច់បំផុតសម្រាប់អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តព្រះសីហនុឱ្យមានការរីកចម្រើនទៅអនាគត ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដើម្បីអាចក្លាយជាក្បាលម៉ាស៊ីនស្នូលថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។

ឯកឧត្តមបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា
និងជាប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ មិនត្រឹមជាការប្រកួតចម្រាញ់ជ្រើសរើសកីឡាករ កីឡាការិនីល្អប្រចាំឆ្នាំ ដើម្បីចូលរួមជាជម្រើសជាតិហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិប៉ុណ្ណោះនោះទេ ពោលវាក៏ជាការប្រកួតដើម្បីទាក់ទាញភ្ញៀវទេសចរ ផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិ និងផ្ដល់ ឱកាសឱ្យកីឡាករ កីឡាការិនី ទទួលបានបទពិសោធន៍ ជាពិសេសជួយលើកទឹកចិត្តយុវជនឱ្យចូលចិត្តហាត់ប្រាណលេងកីឡា និងបង្កើតកម្លាំង ខ្លាំងក្លាទទួលបានសុខភាពល្អ។

ឯកឧត្តមបណ្ឌិត មាស សារិន បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា«យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូផងដែរ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner