ចិន ផលិតបានឧទ្ធម្ភាគចក្រយោធាគ្មានមនុស្សបើករយៈកម្ពស់ខ្ពស់ បំពាក់អាវុធទំនើបៗប្រឆាំងសត្រូវ

ប៉េកាំង ៖ វិស័យយោធារបស់ប្រទេសចិនកាន់តែលេចធ្លោថែមមួយកម្រិតទៀត បន្ទាប់ពីមហាយក្សមួយនេះផលិតបានឧទ្ធម្ភាគចក្រយោធាគ្មានមនុស្សបើករយៈកម្ពស់ខ្ពស់ និងអាចបំពាក់ទៅដោយអាវុធទំនើបៗផងដែរ ។

ឧទ្ធម្ភាគចក្រយោធាគ្មានមនុស្សបើកនេះមានឈ្មោះ “Meyu Arrow” ផលិតដោយក្រុមហ៊ុន Tengden Technology ដែលមានមូលដ្ឋាននៅខេត្ត Sichuan និងត្រូវបានសាកល្បងហោះហើរកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ។

យោងតាមប្រភពពី CCTV, ក្នុងការសាកល្បងនោះ ឧទ្ធម្ភាគចក្រយោធា Meyu Arrow អាចហោះហើរក្នុងរយៈកម្ពស់ប្រហែល ៤ ពាន់ម៉ែត្រ និងអាចពាំគ្រាប់មីស៊ីលចំនួន ២ គ្រាប់ ជាមួយនឹងសមត្ថភាពរក្សាលំនឹងបានយ៉ាងល្អ ទោះស្ថិតក្នុងស្ថានភាពមានខ្យល់បក់បោកខ្លាំង និងខ្សោយក៏ដោយ ។

ជាជំហានបន្ទាប់ ក្រុមហ៊ុន Tengden Technology នឹងសាកល្បងហោះហើរឧទ្ធម្ភាគចក្រយោធា Meyu Arrow ក្នុងរយៈកម្ពស់ប្រហែល ៦ ពាន់ទៅ ៧ ពាន់ម៉ែត្រ ជាមួយនឹងការប្រើប្រាស់ទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប ដើម្បីគ្រប់គ្រងការបញ្ជាពីចម្ងាយ ។

បើតាមក្រុមហ៊ុន Tengden Technology, ឧទ្ធម្ភាគចក្រ Meyu Arrow មានប្រវែងសរុបជិត ៨ ម៉ែត្រ និងមានស្លាបកង្ហាប្រវែងជិត ៦ ម៉ែត្រកន្លះ ។ វាមានសមត្ថភាពហោះហើរក្នុងល្បឿនពី ១៣៥ ទៅ ១៧៨ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះហើរបានរយៈពេល ៨ ម៉ោង ក្នុងចម្ងាយប្រហែល ៩០០ គីឡូម៉ែត្រ ។

ប្រតិបត្តិករផ្លូវអាកាសរបស់ក្រុមហ៊ុន Tengden Technology និយាយថា ឧទ្ធម្ភាគចក្រ Meyu Arrow បង្កើតឡើងសម្រាប់បេសកកម្មឈ្លបយកការណ៍ ប្រតិបត្តិការប្រយុទ្ធ និងការកំណត់គោលដៅជាក់លាក់នៅតំបន់ភ្នំ ពិសេសនៅតំបន់ព្រំដែន តំបន់ខ្ពង់រាប និងច្រករបៀងភ្នំតាមបណ្តោយព្រំដែនជាមួយឥណ្ឌា ៕

ប្រភព ៖ defence blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner