លោក ពូទីន ថា អាចកំដរអឺរ៉ុបធ្វើសង្គ្រាមបាន
មូស្គូ ៖ លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ប្រសិនបើអឺរ៉ុបចង់ធ្វើសង្រ្គាម, រុស្ស៊ីអាចត្រៀមខ្លួន កំដរបាន។ មេដឹកនាំរុស្ស៊ី រូបនេះ ថែមទាំងចោទប្លុកនេះថា រារាំងសន្តិភាព នៅអ៊ុយក្រែន ទៀតផង។
លោក ប្រធានាធិបតី បានអះអាង កាលពីថ្ងៃអង្គារថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់សង្រ្គាម ប្រសិនបើអឺរ៉ុប ចង់បាន។ លោកបានចោទប្រកាន់បណ្តាមេដឹកនាំ នៃទ្វីបអឺរ៉ុប ថា បានព្យាយាមបំផ្លាញកិច្ចព្រមព្រៀង លើជម្លោះអ៊ុយក្រែន។
ការអត្ថាធិប្បាយនេះ បានកើតឡើង នៅពេលដែលបេសកជនអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតី Donald Trump គឺ លោក Jared Kushner បានទៅដល់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សា បញ្ចប់សង្រ្គាមជិត ៤ឆ្នាំ។
លោក ពូទីន បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងមូស្គូ ថា «យើងមិនមានគម្រោងធ្វើសង្រ្គាមជាមួយអឺរ៉ុបទេ ប៉ុន្តែ ប្រសិនបើអឺរ៉ុបចង់ និងចាប់ផ្តើម ពួកយើងបានត្រៀមរួចរាល់ នៅពេលនេះ»។ លោកបានបន្ថែមថា «ពួកគេមិនមានរបៀបវារៈសន្តិភាពទេ ពួកគេឈរ នៅខាងសង្រ្គាម»។ លោកបានអះអាង ម្តងទៀតថា មេដឹកនាំអឺរ៉ុបកំពុងរារាំងការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ដែលធ្វើជាអន្តរការីសន្តិភាព នៅអ៊ុយក្រែន។
លោកបានបន្ថែមថា ការផ្លាស់ប្តូររបស់អឺរ៉ុប ចំពោះផែនការចុងក្រោយរបស់លោក Trump មានគោលបំណងតែមួយគត់ គឺដើម្បីរារាំងដំណើរការសន្តិភាពទាំងមូល និង ដាក់ចេញនូវការទាមទារ ដែលមិនអាចទទួលយកបាន សម្រាប់រុស្ស៊ី ជាដាច់ខាត។
ទីក្រុង វ៉ាស៊ីនតោន បានបង្ហាញសេចក្តីព្រាងចំនួន ២៨ចំណុច ដើម្បីបញ្ចប់ជម្លោះ តែ ក្រោយមក ត្រូវបានកែប្រែ បន្ទាប់ពីមានការរិះគន់របស់អ៊ុយក្រែន និងអឺរ៉ុប ដែលចាត់ទុកថា «ធ្វើស្របតាម ការទាមទារដ៏ច្រើន របស់រុស្ស៊ី»។
ពួកគេបារម្ភខ្លាច ពីការឈ្លានពានរបស់រុស្ស៊ី បន្ថែមទៀត ដោយអឺរ៉ុប បាននិយាយម្តងហើយម្តងទៀតថា សន្តិភាពអយុត្តិធម៌ មិនគួរត្រូវបានដាក់ លើអ៊ុយក្រែន នោះទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
