ជប៉ុនថ្លឹងថ្លែងនាំចេញប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅហ្វីលីពីន

តូក្យូ ៖ ប្រទេសជប៉ុនកំពុងថ្លឹងថ្លែងនាំចេញប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅកាន់ប្រទេសហ្វីលីពីន ខណៈការសម្រេចចិត្តបែបនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យចិនកាន់តែខឹងសម្បារ ចំពេលប្រទេសទាំងពីរកំពុងមានជម្លោះការទូតស្រាប់។

ជប៉ុនបានពិភាក្សាក្រៅផ្លូវការជាមួយភាគីហ្វីលីពីន អំពីលទ្ធភាពដែលអាចទៅរួច ក្នុងការនាំចេញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមបាញ់ចេញពីដីទៅអាកាស Type 03 ទៅឱ្យទីក្រុងម៉ានីល នេះបើតាមសេចក្តីរាយការណ៍របស់ Kyodo News កាលពីថ្ងៃអាទិត្យ។

យោងតាម Kyodo News, ការសិក្សាសំខាន់ៗនៃការនាំចេញទៅកាន់ហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលជប៉ុនលុបចោលច្បាប់ ដែលដាក់កំហិតលើការផ្ទេរឧបករណ៍ការពារជាតិ ដែលគ្រោងនឹងធ្វើការពិនិត្យឡើងវិញនៅឆ្នាំ ២០២៦។

បើតាមរបាយការណ៍, ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមបាញ់ចេញពីដីទៅអាកាស Type 03 ដែលផលិតដោយប្រទេសជប៉ុន មានសមត្ថភាពបាញ់ក្នុងចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ហើយអាចស្ទាក់ចាប់បានទាំងយន្តហោះចម្បាំង និងមីស៊ីលបញ្ជាទិស។

ប្រព័ន្ធមីស៊ីល Type 03 នេះហើយ ដែលជប៉ុនគ្រោងនឹងដាក់ពង្រាយនៅលើកោះ Yonaguni ដែលជាកោះមួយមានចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ ហើយក៏ជាដើមចងមួយបង្កជម្លោះរវាងជប៉ុន និងចិនផងដែរ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner