កម្ពុជាទទួលបានចំណូលជាង ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ៖ រយៈពេល១១ខែ គិតចាប់ពីខែមករាដល់ខែវិច្ឆិកាកន្លងទៅថ្មីៗនេះកម្ពុជាទទួលបានចំណូលចំនួន៤០,៤លានដុល្លារអាម៉ារិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ចំណូលនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញមានការធ្លាក់ចុះបន្តិចបន្តួច។
Read:គ្រឹះស្ថានអង្គរបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាននាដើមខែធ្នូនេះថា រយៈពេល១១ខែនៃឆ្នាំ២០២៥រមណីយដ្ឋានអង្គរទទួលបានភ្ញៀវបរទេសសរុប៨៦ម៉ឺននាក់ ជាមួយនឹងចំណូលចំនួន៤០,៤លានដុល្លារ។ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏រកចំណូលបាន១,៥លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា ប្រាសាទកោះកេរ ប្រាសាទបេងមេលា ភ្នំក្បាលស្ពាន និងសំបុត្រទូក។
គប្បីជម្រាបជូនដែរថា តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ តម្លៃ ៧២ដុល្លារ។
ក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសរំលេចថា ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨ លាននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិចិនមានចំនួនច្រើនជាងគេ គឺប្រមាណជិត ១ លាននាក់។
តាមទិន្នន័យរបស់គ្រឹះស្ថានអង្គរបានបង្ហាញថា កាលពីឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ១,០២ លាននាក់ ជាមួយនឹងចំណូលលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៧,៨៣ លានដុល្លារ កើនជាង ២៨ ភាគរយធៀបនឹងឆ្នាំ២០២៣៕
ដោយ៖ម៉ាដេប៉ូ

