លោក ពូទីន ហោះទៅបញ្ចុះបញ្ចូលមេដឹកនាំឥណ្ឌាឱ្យផលិតយន្តហោះ SU-57 រូមគ្នា

មូស្គូ ៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងព្យាយាមបញ្ចុះបញ្ចូលឥណ្ឌាលើគម្រោងផលិតយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប Su-57 រួមគ្នា នៅពេលជជែកជាមួយលោកនាយករដ្ឋមន្រ្តី Narendra Modi អំឡុងដំណើរទស្សនកិច្ចរបស់គាត់មកកាន់ទីក្រុងញូវដែលីក្នុងសប្តាហ៍នេះ ។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។

ផែនការរបស់លោកប្រធានាធិបតី Putin ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលឥណ្ឌាបានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនការពារជាតិមកពីប្រទេសជាមិត្ត ក្នុងនោះរួមមានទាំងរុស្ស៊ី មកបណ្តាក់ទុនធ្វើការរួមគ្នាក្នុងឧស្សាហកម្មផលិតសព្វាវុធក្នុងស្រុក ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើម “Make in India” ។

គំនិតផ្តួចផ្តើម “Make in India” បង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយលោកនាយករដ្ឋមន្រ្តី Modi ។ ចក្ខុវិស័យរបស់គំនិតផ្តួចផ្តើមនេះ គឺធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាគោលដៅកំពូលសម្រាប់ការវិនិយោគក្នុងវិស័យផលិតកម្ម ជាពិសេសវិស័យការពារជាតិ អេឡិចត្រូនិក វាយនភណ្ឌ និងរថយន្ត។ នេះបើតាមប្រភពពី Economic Times ។

យោងតាមលោក Peskov, ជាការពិតណាស់ គម្រោងផលិតយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប Su-57 រួមគ្នា នឹងក្លាយជារបៀបវារៈកំពូល អំឡុងពេលលោកប្រធានាធិបតី Putin ទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅឥណ្ឌា ចាប់ពីថ្ងៃទី៤ ដល់ទី៥ ខែធ្នូនេះ។

Su-57 គឺជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥របស់រុស្ស៊ី។ វាគឺជាយន្តហោះចម្បាំងបំបាំងកាយប្រភេទកៅអីមួយ និងមានម៉ាស៊ីនពីរ។ វាបានហោះឡើងលើមេឃជាលើកដំបូងកាលពីខែមករា ឆ្នាំ២០១០។ Su-57 មានតម្លៃចន្លោះពី ៣៥ទៅ៥០លានដុល្លារក្នុងមួយគ្រឿង នេះបើតាមប្រភពពី WION។

ដោយឡែកកិច្ចពិភាក្សាពាក់ព័ន្ធនឹងកំពង់ផែ Chabahar និងផ្លូវសូត្រពាណិជ្ជកម្មរុស្ស៊ី-ឥណ្ឌា Chennai-Vladivostok ព្រមទាំងសង្គ្រាមនៅអ៊ុយក្រែន ក៏ស្ថិតក្នុងរបៀបវារៈរបស់លោកប្រធានាធិបតី Putin ផងដែរ។

កំពង់ផែ Chabahar របស់អ៊ីរ៉ង់ដែលឥណ្ឌាចុះកុងត្រាជួលរយៈពេល ១០ឆ្នាំ គជាកំពង់ផែយុទ្ធសាស្រ្តដ៏សំខាន់មួយ សម្រាប់ច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង-ខាងត្បូង ហៅកាត់ថា (INSTC) ដែលជាបណ្តាញដឹកជញ្ជូនចម្រុះតភ្ជាប់ឥណ្ឌាជាមួយរុស្ស៊ី អាស៊ីកណ្តាល និងអឺរ៉ុប៕

ប្រភព ៖ RT និង Economic Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner