សម្តេចធិ បតី ហ៊ុន ម៉ាណែត អបអរខួបលើកទី១ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ ខួបលើកទី ១ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៤ ធ្នូ ២០២៤ – ៤ ធ្នូ ២០២៥) ។ ការអបអរសាទរនេះតាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៥នេះ ។
សូមរំលឹកថា ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ អនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមរយៈសេចក្តីសម្រេចលេខ 19.COM7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)។
ការដាក់បញ្ចូល «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះ គឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀត សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រក្នុងការអភិរក្សនិងថែរក្សា ការពារនូវមរតកសម្បត្តិវប្បធម៌អរូបី ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និងជាការលើកកម្ពស់នូវដួងព្រលឹង នៃវប្បធម៌ដ៏ល្អផូរផង់ប្រកបដោយមោទកភាពជាតិ និងល្បីល្បាញ សុសសាយនៅលើឆាកអន្តរជាតិ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៨ ក្រមាខ្មែរ ត្រូវបានប្រកាសជាប់ឯកទគ្គកម្មជាក្រមាវែងជាងគេនៅលើពិភពលោក ដែលមានប្រវែង ១១៤៩.៨ម៉ែត្រ ចំណាយពេលត្បាញរយៈពេលជាង៥ខែ ដោយមានក្រុមការងារ GoGo Cambodia ជាអ្នកផ្ដួចផ្ដើមធ្វើយុទ្ធនាការ ហើយមានការចូលរួមពីប្រជាពលរដ្ឋ ចាប់ផ្ដើមដំបុងនាថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងវាលព្រះមេរុ ក្នុងនោះអ្នកចុះឈ្មោះរៀនត្បាញចំនួន ២២,៣១៥នាក់ និងមានភ្ញៀវអន្តរជាតិចំនួន ១,១៣១នាក់ មកពី ៥៧ប្រទេសជុំវិញពិភពលោក ចូលរួមត្បាញបានច្រើនជាងគេ គឺសហរដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន។
សូមជម្រាបថា “ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនាជាដើម ៕
ដោយ :វណ្ណលុក




