មេដឹកនាំតៃវ៉ាន់ប្តេជ្ញាជាថ្មីពង្រឹងសមត្ថភាពការពារជាតិ ទប់ទល់សម្ពាធចិន

តៃប៉ិ ៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching te បានប្រកាសប្តេជ្ញាសាជាថ្មី ក្នុងការជំរុញលើកកម្ពស់សមត្ថភាពការពារជាតិរបស់កោះនេះ ដើម្បីតតាំងនឹងការសម្លុតគំរាមពីប្រទេសចិន។

ការសន្យាបែបនេះរបស់លោកប្រធានាធិបតី Lai ធ្វើឡើងនៅពេលចុះទៅពិនិត្យមើលការបណ្តុះបណ្តាលកងទ័ពបម្រុងប្រហែល ៤០០នាក់នៅតំបន់ Yilan ក្នុងថ្ងៃអង្គារ។

លោកប្រធានាធិបតី Lai ក៏បានចុះពិនិត្យមើលកងទ័ពបម្រុងផ្នែកប្រតិបត្តិការយន្តហោះដ្រូន និងបទបង្ហាញពីវិធីសាស្រ្តរារាំងការវាយប្រហារពីសត្រូវផងដែរ។ ការសមយុទ្ធនោះចាប់ផ្តើមពីថ្ងៃទី២២ ខែវិច្ឆិកា រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។

មេដឹកនាំតៃវ៉ាន់រូបនេះ បានសង្កត់ធ្ងន់នៅពេលនោះថា គោលបំណងចម្បងនៃការពង្រឹងសមត្ថភាពយោធា គឺដើម្បីការពារសន្តិភាពពិភពលោក ហើយថា តៃវ៉ាន់ត្រូវតែពឹងផ្អែកលើកម្លាំងខ្លួនឯង ទើបអាចទទួលបានសន្តិភាពពិតប្រាកដ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់មានគម្រោងបញ្ចេញកញ្ចប់ថវិកាពិសេសដល់ទៅ ៤០ ពាន់លានដុល្លារ សម្រាប់រយៈពេល ៨ឆ្នាំចាប់ពីឆ្នាំ ២០២៦ ដើម្បីបង្កើនសមត្ថភាពការពារជាតិ។ កញ្ចប់ថវិកានេះ នឹងត្រូវបែងចែកសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធការពារដែនអាកាស និងវិធានការផ្សេងៗទៀត។

ជាការគំាំទ្រដល់ផែនការនេះ ក្រុមហ៊ុនយោធា និងក្រុមហ៊ុនឯកជនតៃវ៉ាន់ក៏កំពុងរួមគ្នាបង្កើតយន្តហោះដ្រូន និងយានដ្រូនល្បាតដែនសមុទ្រផងដែរ ដើម្បីទប់ទល់នឹងអំណាចយោធារបស់ប្រទេសចិន ជាមួយការចំណាយទាប តែទទួលបានប្រព័ន្ធសព្វាវុធទំនើបៗ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner