អូស្រ្តាលី ជប៉ុន និងឥណ្ឌា យល់ថា ការដឹកនាំរបស់លោក ត្រាំ មិនល្អ
ស៊ីដនី ៖ ការស្ទង់មតិរបស់ប្រជាជនចំនួន ៤ ប្រទេសបង្ហាញថា ពលរដ្ឋអូស្ត្រាលី ជប៉ុន ឥណ្ឌា និងអាមេរិកផ្ទាល់ ភាគច្រើនយល់ថា ការកាន់តំណែងអាណត្តិទីពីររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនល្អសម្រាប់ប្រទេសរបស់ពួកគេឡើយ ពិសេសប្រជាជនអូស្ត្រាលីកាន់តែច្រើនមើលឃើញថា សហរដ្ឋអាមេរិកមានគ្រោះថ្នាក់ជាងប្រទេសនៅអាស៊ី ។
បើតាមប្រភពពី Japan Today, ការស្ទង់មតិនេះ ធ្វើឡើងលើមនុស្សចំនួន ១,០០០នាក់ ភាគច្រើនជាអ្នកការទូតមកពីក្រុមប្រទេស ក្វាដ (Quad) ដែលរួមមានអូស្រ្តាលី ជប៉ុន ឥណ្ឌា និងអាមេរិក ។
យោងតាមការស្ទង់មតិដែលធ្វើឡើងក្នុងខែសីហា បានរកឃើញថា ៥៦%នៃប្រជាជនអូស្ត្រាលី ៥៤%នៃប្រជាជនឥណ្ឌា និង ៥៩%នៃជនជាតិជប៉ុន គិតថា ការកាន់តំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ គឺមិនល្អទាល់តែសោះសម្រាប់ប្រទេសរបស់ពួកគេ។
ទោះបីជាយ៉ាងណា មានតែជនជាតិអូស្ត្រាលី ៤២%ប៉ុណ្ណោះ ដែលយល់ស្របថា សម្ព័ន្ធភាពជាមួយអាមេរិកបានធ្វើឱ្យប្រទេសរបស់ពួកគេ កាន់តែមានសុវត្ថិភាព បើធៀបនឹងមតិគាំទ្រពីមុន តួលេខនេះធ្លាក់ចុះ ១៤ពិន្ទុចាប់តាំងពីឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា ក្នុងមុខតំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ របស់លោក ដូណាល់ ត្រាំ ក្នុងរយៈពេល១០០ថ្ងៃគត់ លោកបានធ្វើរឿងធំៗចំនួន៦ បង្កភាពភ្ញាក់ផ្អើលទូទាំងពិភពលោក ។ ក្នុងនោះរួមមាន៖ ទី១.ការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិទ្រង់ទ្រាយធំ។ ទី២.លោក ត្រាំ បង្ហាញបំណងគ្រប់គ្រងតំបន់ហ្គាហ្សា។
ទី៣.លោក ត្រាំ ផ្តើមទំនាក់ទំនងជាមួយលោក ពូទីន សាជាថ្មី។ ទី៤. លោក ត្រាំ ធ្វើឱ្យលោក ហ្សេលេនស្គី អាម៉ាស់មុខនៅសេតវិមាន។ ទី៥. លោក ត្រាំ បង្ហាះមហិច្ឆតាកាន់កាប់តំបន់ Greenland និងទី៦. លោក ត្រាំ បញ្ឆេះសង្គ្រាមពន្ធគយទូទាំងពិភពលោក។ នេះបើតាមប្រភពពី VNExpress៕
ប្រភព ៖ Japan Today និងVNExpress ប្រែសម្រួល ៖ ឈឹម ទីណា