៣ ឆ្នាំជាប់ៗគ្នា ដែល កូកា-កូឡា កម្ពុជា ត្រូវបានទទួលស្គាល់ និងបញ្ជាក់ថា ជា «កន្លែងធ្វើការដ៏ល្អបំផុតមួយ»
ភ្នំពេញ ៖ នេះជាឆ្នាំទី ៣ ជាប់គ្នាហើយ ដែលក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ត្រូវបានគេទទួលស្គាល់ថា ជា «កន្លែងធ្វើការដ៏ល្អបំផុត» (Great Place to Work®) ។ ការទទួលស្គាល់នេះមានសុពលភាពពីខែតុលា ឆ្នាំ២០២៥ ដល់ ខែតុលា ឆ្នាំ២០២៦។ វាបង្ហាញថា ក្រុមហ៊ុនមានវប្បធម៌ការងារល្អ និងយកចិត្តទុកដាក់លើបុគ្គលិករបស់ខ្លួន។
លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាននិយាយថា៖ «នេះជាសមិទ្ធផលដ៏ធំមួយ ក្នុងប្រវត្តិសាស្ត្រ ៣៣ ឆ្នាំរបស់យើង ដែលបានផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជន
ខ្មែរ។ លទ្ធផលល្អដែលទទួលបាននេះ ក៏ដោយសារបុគ្គលិករបស់យើងគ្រប់ៗគ្នា»។ លោកបានបន្តថា៖ «ការទទួលស្គាល់នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតបរិយាកាសការងារដែលផ្ដល់តម្លៃដល់បុគ្គលិកជាចម្បង មានការបើកចំហ និងផ្តល់សិទ្ធិអំណាច។ យើងនឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងនេះទៅមុខទៀត»។

- 3ឆ្នាំជាប់ៗគ្នា ៖ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ និងបញ្ជាក់ថា ជា «កន្លែងធ្វើការដ៏បំផុតមួយ – Great Place to Work®» សម្រាប់ឆ្នាំ 2025-2026។ ដូចនេះ វាជាការទទួលស្គាល់កម្រិតអន្តរជាតិឆ្នាំទី 3 ហើយ។
- លទ្ធផលស្ទង់មតិបុគ្គលិក៖ ការស្ទង់មតិឯករាជ្យមានការចូលរួមពីបុគ្គលិក 95% ហើយមតិពួកគេភាគច្រើនយល់ស្របថា កន្លែងធ្វើការងារនៅក្រុមហ៊ុននេះបានជម្រុញពួគគេអោយមានការអភិវឌ្ឍសមត្ថភាព មានការទទួលស្គាល់ ការលើកទឹកចិត្ត សុខសុវត្ថិភាពការងារ ឱកាសរៀនសូត្របន្ថែម និងការគ្រប់គ្រងប្រកបដោយក្រមសីលធម៌។
- គុណតម្លៃស្នូល និងវប្បធម៌៖ វិញ្ញាបនបត្រនេះឆ្លុះបញ្ចាំងពី «ស្មារតីតោស្រេកឃ្លាន – Hungry Lions Spirit» របស់ក្រុមហ៊ុន ដែលមានវប្បធម៌សង្កត់ធ្ងន់លើការធ្វើការងារដែលមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើវិន័យ និងការធ្វើការជាក្រុម។

ដើម្បីអបអរភាពជោគជ័យនេះ បុគ្គលិកទូទាំងក្រុមហ៊ុនបានជួបជុំគ្នា។ ពួកគេបានសន្យាជាថ្មីថានឹងបន្តលើកកម្ពស់បរិយាកាសការងារដែលល្អ និងបើកចំហ។ ជាមួយគ្នានោះ ពួកគេក៏នឹងបន្តជំរុញកំណើន និងបង្កើតឱកាសល្អៗសម្រាប់បុគ្គលិក និងសហគមន៍ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ដែលនិយមហៅថាក្រុមហ៊ុន កូកា-កូឡា កម្ពុជា ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា។ ជិត 33 ឆ្នាំមកហើយ ដែលបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ តាំងពី1993។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងបានសម្ពោធដាក់ដំណើរការក្នុងឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។

កូកា-កូឡា កម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។ កូកា-កូឡា កម្ពុជា ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ដាសានី ស្រ្ពៃ ហ្វាន់តា ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) ទឹក(Water) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។ កូកា-កូឡា កម្ពុជា បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញអាជីវកម្មតូចធំជាង ៥០,០០០ កន្លែងទូទាំងប្រទេសឱ្យរីកចម្រើនផងដែរ៕







