ដំណើរសប្បុរសធម៌នៃគម្រោង មីជាតិ “កាតាបខ្ញុំ អនាគតខ្ញុំ” ធ្វើដំណើរមកកាន់ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ មីជាតិ ក្រោមគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” រួមចំណែកដោះស្រាយបញ្ហាសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិ៍សាត់មួយចំនួន កំពុងប្រឈមនឹងការខ្វះខាតសម្ភារសិក្សាចាំបាច់សម្រាប់ការសិក្សារបស់ពួកគេ។

មីជាតិ បាននាំយកសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសាលារៀនរួមមាន៖ កាតាបស្ពាយ មួកមីជាតិ ឃីតសម្ភារៈសិក្សា ដបទឹក កញ្ចប់ឃីតចំណីអាហារ មីជាតិ វីតាល់ និងកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍន៍សាលារៀន។
កម្មវិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនមីជាតិ, លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ មន្ត្រីរាជការអង្គភាពជុំវិញ ថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤០០នាក់។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនមីជាតិ បានថ្លែងថា គម្រោងមីជាតិ “កាតាបខ្ញុំ អនាគតខ្ញុំ” គឺជាការចូលរួមចំណែក ជាផ្នែកមួយនៃការលើកទឹកចិត្ត និងជម្រុញដល់ការសិក្សារបស់កូនៗ ក្មួយៗជម្រុញទឹកចិត្ត កូនៗ ក្មួយៗ ឱ្យខិតខំរៀនសូត្រ ក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គមទាំងជាទំពាំងស្នងឫស្សី ជាមូលធនមនុស្សមានប្រយោជន៍ដល់សង្គមជាតិនាពេលអនាគត។
លោកជំទាវបន្តទៀតថា ការចូលរួមលើកកម្ពស់ការអប់រំ ដោយផ្ទាល់ ឬប្រយោលរបស់ពលរដ្ឋម្នាក់ៗ ក្រុមតូចៗ ក៏ដូចជាស្ថាប័នឯកជន ជាផ្នែកមួយនៃការអភិវឌ្ឍន៍ វិស័យអប់រំនៅកម្ពុជាឱ្យកាន់ល្អប្រសើរ ប្រកបដោយគុណភាព និងចីរភាព។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ សូមថ្លែងអំណរគុណដល់អតិថិជនមីជាតិទាំងអស់ ដែលងាកមកគាំទ្រ ផលិតផលក្នុងស្រុក ផលិតផលជាតិ ជាពិសេសដេប៉ូចែកចាយ ដែលបានចូលរួមគោរពតាមគោលការណ៍របស់ក្រុមហ៊ុន ក្នុងធានាថ្លៃលក់សមស្រប ជូនដល់អ្នកប្រើប្រាស់។

លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ មីជាតិ នូវគំនិតផ្តួចផ្តើមយ៉ាងប្រពៃជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ខ្វះខាតនៃសាលាបឋមសិក្សាពោធិ៍សាត់។ លោកបានបន្តទៀតថា ការចុះមកផ្ទាល់ជាមួយសម្ភារជាច្រើនថ្ងៃនេះ ជាកាយវិការប្រកបដោយឆន្ទៈខ្ពស់ មានអត្ថន័យពុំអាចថ្លែងបាន ពីវិស័យឯកជនផ្ទាល់ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្ដីពីការអប់រំ។
គួរបញ្ជាក់ផងដែរថា មីជាតិ គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” កើតឡើងបាន ក៏ដោយសារចំណែកនៃការគាំទ្រពី អតិថិជន និងអ្នកប្រើប្រាស់ ដោយបានផ្តល់នូវការជឿទុកចិត្ត បន្តទទួលទាន និងជាវ មីជាតិ ដែលជាផលិតផលរបស់ខ្មែរមុនដំបូងគេនៅកម្ពុជា ដែលជាមីកញ្ចប់ឆ្អិនស្រាប់ មានរសជាតិខ្មែរ បង្កើតឡើងដោយផលិតករខ្មែរ ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន។ ក្រោមស្មារតីនៃគម្រោង “ខ្មែរដើម្បីខ្មែរ” មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែកឆ្លើយតបបញ្ហាសង្គម និងសកម្មភាពសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕























