កម្ពុជាប្រារព្ធវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ជាមួយនឹងពិធីប្រកាសជាផ្លូវការការដាក់ឱ្យដំណើរការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G)
ភ្នំពេញ៖វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នឹងប្រារព្ធបើកនៅព្រឹកថ្ងៃសុក្រទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនឹងអញ្ជើញចូលរួមជាគណៈអធិបតីផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
, លោកជំទាវ ដូរ៉េន ប៊ុងដាន ម៉ាទីន(Doreen Bogdan-Martin) អគ្គលេខាធិការ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)
,បណ្ឌិត ម៉ាសាណូរី កុនដូ(Masanori Kondo )អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT)
, លោកស្រី ទីហ្សាណា បូណាប៉ាសេ(Tiziana Bonapace) នាយកផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP)។
ក្នុងឱកាសនោះផងដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈអធិបតី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ និងពិធីប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ង៉ាន ទិត្យ





