រយៈពេល១០ខែក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាចំនួន៥៣,៥៨ ប៊ីលានដុល្លារ
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា រយៈពេល១០ខែក្នុងឆ្នាំ២០២៥ នេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានទំហំ ៥៣,៥៨ ប៊ីលានដុល្លារអាម៉េរិក (១ប៊ីលានស្មើ១ពាន់លាន)កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ក្នុងព្រឹត្តិការណ៍បើកសម្ពោធ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងទៀតថា ដោយឡែកទិន្នន័យការអនុម័តគម្រោងវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ ននឹងអនុម័តគម្រោងវិនិយោគលើសពី ៦០០ គម្រោង។គិតត្រឹមដំណាច់ ខែវិច្ឆិកាឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន ៦០៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩.៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ៤០០ ពាន់កន្លែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអធិប្បាយដោយកត់សម្គាល់ថា ទិន្នន័យនេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោងដែលជាការបំបែកកំណត់ត្រាម្តងរួចមកហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដែលជានិច្ចកាលមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការចរចាពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងរុញច្រាន កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម តាមរយៈបង្កើនការនាំចេញ និងជំរុញវត្តមានផលិតផលកម្ពុជា នៅលើទីផ្សារតំបន់ និងពិភពលោក។

សូមជម្រាបថា “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ប្រព្រឹត្តទៅរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា
