ឧបនាយករដ្ឋមន្រ្តី៖កម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ

ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថា បរិយាកាស​វិនិយោគនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាសកលក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា ជាទីផ្សាររីកចម្រើនឈានមុខគេ​សម្រាប់ការវិនិយោគ ។

ក្នុងពិធីបើកសម្ពោធ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអធិប្បាយថា យោងតាម fDi Intelligence នៅឆ្នាំ២០២៤ កម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី FDI Standouts Watchlist ដោយបញ្ជាក់ថា​កម្ពុជាជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ ។ឯកឧត្តមបន្តថា នៅឆ្នាំ២០២៥ កម្ពុជាក៏បានបន្តជាប់ចំណាត់​ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោកសម្រាប់សន្ទស្សន៍ Greenfield FDI Performance Index ដែល​វាស់​វែងពីប្រសិទ្ធភាពនៃការទាក់ទាញវិនិយោគរបស់ប្រទេសនីមួយៗ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ​ផងដែរ។

សូមជម្រាបថា FDI Standouts Watchlist ជា “បញ្ជីតាមដាន” ដែល fDi Intelligence បញ្ចេញសម្រាប់ប្រទេស ដែលត្រូវបាន​រៀបចំយ៉ាងជាក់លាក់ដើម្បីវាយតម្លៃថា ប្រទេសណាខ្លះមានសក្តានុពលខ្លាំងក្នុងការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស (FDI) នៅក្នុងឆ្នាំខាងមុខ។ ប្រទេសដែលបានចូលក្នុងកំពូល Watchlist គឺជាការទទួលស្គាល់ពីបណ្តាញអន្តរជាតិ។ វាអាច​ជួយទាក់ទាញទុន បង្កើនទំនុកចិត្តវិនិយោគិន និងបង្កើនការទូទាត់ភាគហ៊ុនអនាគត។

ទិន្នន័យ​ការអនុម័តគម្រោងវិនិយោគ​នៅកម្ពុជាក្នុងឆ្នាំ២០២៥ នឹងអនុម័តគម្រោងវិនិយោគលើសពី ៦០០ គម្រោង។គិតត្រឹម​ដំណាច់ ខែវិច្ឆិកាឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន ៦០៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩.៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ៤០០ ពាន់កន្លែង។នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអធិប្បាយដោយកត់សម្គាល់ថា ទិន្នន័យនេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាល​ពីឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោងដែលជាការបំបែកកំណត់ត្រាម្តងរួចមកហើយ។

ដោយឡែកពាក់ព័ន្ធទៅនឹងពន្ធបដិការ កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោកដែលបានចុះហត្ថលេខាលើ កិច្ចព្រម​ព្រៀងពាណិជ្ជកម្មបដិការជាមួយអាម៉េរិកក្នុងអត្រាពន្ធ ១៩ភាគរយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់ រម្រាប់វិនិយោគិនក្នុងការនាំចេញផលិតផល ទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner