គម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគប្រមាណ២៦២លានដុល្លារត្រូវបានចុះបញ្ជីក្នុងខែវិច្ឆិកា

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី បានប្រកាសឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ថា គម្រោង​វិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារអាម៉េរិកត្រូវបានចុះ​បញ្ជីដោយគណៈកម្មា​ធិការ​វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថាក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការ​វិនិយោគ​កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៤គម្រោង ក្នុងទំហំទុនវិនិយោគ​សរុបប្រមាណ២៦២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៤ពាន់កន្លែង។

ប្រភពដដែលគូសរំលេចថា ក្នុងចំណោមគម្រោងវិនិយោគសរុបគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់​សេដ្ឋកិច្ច​ពិសេសមានចំនួន ២២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១៩៦លានដុល្លារ និងគម្រោងវិនិយោគដែលមានទីតាំង​ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លារ ។

ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារគឺចំនួនគម្រោងវិនិយោគមានការកើន​ឡើង ២២០​គម្រោង ស្មើនឹង​ប្រមាណ ៥៧ភាគរយ ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារស្មើនឹងប្រមាណ ៤៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោង​វិនិយោគ​ត្រឹមតែចំនួន ៣៨៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៥ប៊ីលានដុល្លារ។

ស៊ីឌីស៊ីបញ្ជាក់ថា ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ​លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤រហូតដល់ទៅ ១៩៥គម្រោង៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner