ប្រទេសន័រវេសចាត់ទុកកម្ពុជា​គឺជាអ្នក​ត្រួសត្រាយ​ផ្លូវមួយ​ដ៏សំខាន់​ក្នុងគោលនយោបាយសកម្មភាពមីន ហើយតាមរយៈបទពិសោធន៍ និង​សមិទ្ធផលសកម្មភាពមីន កម្ពុជាគឺជាតួ​អង្គមួយ​ដ៏សំខាន់​សម្រាប់​អនុសញ្ញាអូតាវ៉ា

(ហ្សឺណែវ, ស្វីស) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានជួបទ្វេភាគីជាមួយ លោកស្រី Anne Karine Jahren ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយមនុស្សធម៌ នៃក្រសួងការបរទេសន័រវេស នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស សម្រាប់ការគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសជួយដល់ការស្រេចបានខេត្តកែប ដែលជាខេត្តដំបូងប្រកាសអស់មីន។ តាងនាមឱ្យរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកប្រទេសន័រវេស និងអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) គឺជាមិត្តពិតប្រាកដ និងជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងការទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ទៀតថា ក្រៅពីសមិទ្ធផលក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកក្នុងសកម្មភាពមីនសាកល តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញ ទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ជាក់ស្តែងមានកូឡុំប៊ី និងអ៊ុយក្រែន ជាដើម។ ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានស្នើសុំឱ្យប្រទេសន័រវេសគាំទ្រកម្ពុជា ដើម្បីបង្កើនលទ្ធភាពចែករំលែក និងជួយដល់ប្រទេសមានតម្រូវការចាំបាច់។ ឯកឧត្តម បន្តទៀតថា ក្រោយពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង៣០ឆ្នាំ កម្ពុជាបានត្រៀមដាក់ចេញនូវគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ហើយកម្ពុជាប្តេជ្ញាអនុវត្តន៍ឱ្យសម្រេចបាននូវគោលដៅស្របតាមផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ធុជ ក៏បានរៀបរាប់អំពីបញ្ហាលំបាករបស់ប្រជាជនតាមបណ្តោយព្រំដែន ដោយសារការវាយប្រហាររបស់ថៃ រួមមានការប្រើគ្រាប់បែកចង្កោម ផ្សែងពុល ដែលទោះជាបច្ចុប្បន្ន ក្រោយសង្គ្រាមបានបញ្ចាប់ ប្រជាជន សត្វពាហនៈ បរិស្ថាន ប្រជាជននៅភ័យក្លាយដោយសារសំណល់ជាតិផ្ទុះទាំងនោះ។ ឯកឧត្តម បន្តទៀតថា កម្ពុជាត្រូវរែកពន់បន្ទុកដ៏ធំបន្ថែមទៀត ពោលគឺការបោសសម្អាតសំណល់ជាតិផ្ទុះ ពិសេសគ្រាប់បែកចង្កោម ដើម្បីធានាថាប្រជាជនភៀសខ្លួនដែលត្រលប់ទៅកាន់ផ្ទះសម្បែងវិញ អាចរស់នៅ និងធ្វើសកម្មភាពប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព។

លោកស្រី Anne Karine Jahren បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពមីន។ ន័រវេស ជាប្រទេសផ្តល់ជំនួយមែនពិត តែជោគជ័យសំខាន់ គឺដោយសារភាពជាម្ចាស់របស់កម្ពុជា ក្នុងនោះដែរ កម្ពុជាមានប្រព័ន្ធគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីនដ៏រឹងមាំ។ លោកស្រី Anne Karine Jahren បន្តទៀតថា កម្ពុជា គឺជាអ្នកត្រួសត្រាយផ្លូវមួយដ៏សំខាន់ក្នុងគោលនយោបាយសកម្មភាពមីន ហើយតាមរយៈបទពិសោធន៍ និងសមិទ្ធផលសកម្មភាពមីនកម្ពុជា កម្ពុជាគឺជាតួអង្គមួយដ៏សំខាន់មួយសម្រាប់អនុសញ្ញាអូតាវ៉ា៕
ដោយ៖ពលជ័យ

ads banner